នាយករដ្ឋមន្ត្រីបន្តអំពាវនាវ​ឱ្យ​ពលរដ្ឋចូល​រួម​ទប់ស្កាត់​ព័ត៌មាន​មិនពិតបំពុល​សង្គមករណី​ Covid-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2020 ក+ ក-

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត (Fake News) ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។

ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុបជាង ១ពាន់នាក់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ​ នាវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា បានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈក្រសួងសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយក​រដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទន្ទឹមគ្នានេះ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃជំងឺកូវិត-១៩នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំរុញឱ្យមានខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនីយដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋ៕