ពីខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើង ២២ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2020 ក+ ក-

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញថា នៅក្នុង២ខែ ដើមឆ្នាំ២០២០ នេះ មានកំណើនជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងខែកុម្ភៈ ការនាំចេញបានកើនឡើង៣ម៉ឺន៥ពាន់តោន ធៀបនឹងខែមករា ឆ្នាំ២០២០នេះ ។
តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលពីរខែឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន១៣៦.៤៩៩តោន កើនឡើងជាង២២ភាគរយ ធៀបនឹង២ខែកាលពីឆ្នាំ ២០១៩កន្លងទៅនេះ ។

ក្នុងរយៈពេល ២ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយកចំណែកទីផ្សារនៃការនាំចេញអង្ករកម្ពុជាសរុបប្រមាណ ៣៧ភាគរយ សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស ៣០ភាគរយ ប្រទេសនៅក្នុងបណ្តាសហគមន៍អាស៊ាន ១៨ភាគរយ និងបណ្តាគោលដៅផ្សេងមានជាង១៤ភាគរយ ។

បើយើងក្រឡេកទៅមើលកំនើនក្នុងខែកុម្ភៈ ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០១៩ ឃើញថាកំនើនទៅអ៊ឺរ៉ុប កើន ១២៦ ភាគរយ កើនពី ១ម៉ឺន៨០ តោន ទៅ ២២.៧៥៣តោន ។ ទីផ្សារប្រទេសចិន កើន ៣៣ភាគរយ ពី ពោលគឺកើនពី ២៧.១៨៦តោនទៅ ៣៦.០៨៥តោនតោន ទីផ្សារក្នុងប្រទេសអាស៊ាន ១១៩ភាគរយ កើនពី ៨.៨២៥តោនទៅ ១៩.៣៤៧តោន និងទីផ្សារផ្សេងកើន ពី៦.៧៧០តោន ទៅ៧.៨៦៤ តោន ។ ជារួមសំរាប់ខែកុម្ភៈ២០២០ កើន ៦៣ភាគរយ ធៀបទៅខែកុម្ភៈឆ្នាំ ២០១៩ ។

តាមសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា មានកក្តាជាច្រើនដែលជំរុញអោយមានការបញ្ជាទិញកើនឡើងដែលក្នុងនោះរួមមាន៖ទី១ ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥ អឺរ៉ូមកនៅ ១៥០ អឺរ៉ូ ។ទី២ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការនានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើការផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តរភាព ការផលិតស្រូវដែលគោរព តាមគោលការណ៍សមធម៌ពាណិជ្ជកម្ម ជាដើម ។

កត្តាទី៣ដោយសំដៅលើទីផ្សារប្រទេសចិន ដោយសារតែប្រមុខរដ្ឋាភិបាលទាំងពីរ បានបង្ហាញពីចំណងមិត្តភាព និងធ្វើអោយចិនបានងាកមកទិញអង្ករកម្ពុជាកាន់តែច្រើនផងដែរ ។ ក្នុងនោះដែរ រដ្ឋាភិបាលចិន ក៏បានជួយផ្សព្វផ្សាយពីអង្ករកម្ពុជា ទៅកាន់ប្រជាជនចិន អោយសាកល្បងរស់ជាតិអង្ករកម្ពុជា ហើយក៏ទទួលបានការគាំទ្រនិងទទួលស្គាល់រស់ជាតិអង្ករកម្ពុជា ធ្វើអោយពាណិជ្ជករចិនបន្តនាំចូលអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ។

លោក យ៉ន សុវណ្ណ អគ្គនាយកក្រុមហ៊ុនបាយ័នសៀរៀល និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា អង្ករកម្ពុជាមានគុណភាពទើបមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ ហើយ ទីផ្សារកម្ពុជាក៏កាន់តែរីកធំទៅកាន់ទីផ្សារពិភពលោកផងដែរ តែអ្វីដែលសំខាន់នោះ កសិករគួរតែដាំស្រូវប្រភេទណាដែលមានទីផ្សារសម្រាប់នាំចេញ ទៅកាន់អន្តរជាតិ ជាជាងធ្វើស្រូវដែលមិនមានទីផ្សារ ឬប្រភេទស្រូវដែលមានតម្រូវការតែក្នុងស្រុក តែមិនសូវមានតម្លៃខ្ពស់ ។លោកថា៖« ចិនកំពុងចាប់អារម្មណ៍អង្ករសែនក្រអូប ដែលដាំដុះនៅកម្ពុជា ហើយមានតែខេត្តប៉ុន្មានប៉ុណ្ណោះនៅកម្ពុជា ដែលអាចដាំស្រូវប្រភេទនេះបាន ។

ចំណែកស្រូវផ្សេងទៀតក៏មានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិផងដែរ ដូច្នេះហើយកសិករ ត្រូវស្វែងយល់ពីបញ្ហានេះ និងមិនគួរស្រែកថាស្រូវធ្លាក់ថ្លៃ គឺធ្លាក់តែប្រភេទស្រូវដែលមានគ្មានទីផ្សារនៅលើឆាកអន្តរជាតិ ប៉ុណ្ណោះ » ។
បើយោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវិញ បានបង្ហាញផងដែរថា ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ ការនាំចេញកសិផលសរុបទៅកាន់ទីផ្សារបរទេសមានចំនួន ជាង១,៧លានតោន ក្នុងនោះកសិផលសំខាន់ៗ រួមមានអង្ករ ,ស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្ដែក ចេក ផ្លែស្វាយ ម្រេច និងបន្លែស្រស់ជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ វិនិយោគិនចិន បានដាក់ទុនបន្ថែម លើឡសម្ងួតនិងឃ្លាំងស្តុកស្រូវ របស់កសិករកម្ពុជា ដែលអាចអោយកម្ពុជាមានឃ្លាំង និងឡសម្ងួតកាន់តែច្រើន និងមានសមត្ថភាព ក្នុងការស្តុកស្រូវនិងកិនលក់ទៅកាន់ទីផ្សារបរទេស ។ ធ្វើដូចនេះ វានឹងអាចទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករ ហើយម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏អាចធានាបាននូវស្រូវស្តុកទុកកិននាំចេញទៅកាន់ទីផ្សារប្រទេសក្រៅ នៅពេលមានតម្រូវការពីទីផ្សារទាំងនផងដែរ ៕