ខឹងគេវាយកូនខ្លួន មន្ត្រីប៉ូលិសម្នាក់ចូលទៅវាយយុវសិស្សវិទ្យាល័យជម្ពូវ័ន របួស ៥នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2020 ក+ ក-

ភ្នំពេញ ៖ មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅទី៣ ឃាត់ខ្លួនបន្ទាប់ពីបង្កហិង្សាដោយចូលទៅវាយសិស្សក្នុងសាលាវិទ្យាល័យ ជម្ពូវ័ន បណ្តាលអោយរងរបួស ៥នាក់ ដោយសារតែខឹងថា សិស្សទាំងនោះ បានវាយកូនស្រីរបស់ខ្លួនបណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនបង្កអុកឡុកក្នុងសាលារៀននោះឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យមានកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី១០B។

តាមយុវសិស្សសាលាបានឲ្យដឹងថា មុនកើតហេតុ មានយុវតីសិស្សសាលាមួយក្រុម បានឈ្លោះគ្នា វាយនិងក្រញ៉ៅគ្នាទៅវិញទៅមក ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២ ហៅនាំភាគីសងខាងធ្វើការអប់រំ។ លុះក្រោយមកក៍បានដឹងទៅដល់ឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត មកចូលដល់ក្នុងបរិវេណសាលា ផ្ទុះកំហឹងចូលទៅចាប់វាយសិស្សសាលាដែលជាភាគីគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស ៥នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់ ។

តាមយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនកើតហេតុ ម៉ោងចេញលេង ខ្លួនរួមជាមួយមិត្តភ័ក្រ បានដើរទៅន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បី រកទិញអីហូប ក៍បានទាក់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើនឈានដល់ប្រតាយប្រតប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូហៅទៅអប់រំសងខាង ។ លុះចេញមកវិញក៍ ឈ្លោះគ្នាជាថ្មីម្តងទៀតតែម្តងហើយឪពុករបស់ខ្លួនមកចាប់ឃាត់ ។

តាមសម្តីជនជាចោទឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថាមានសិស្សសាលាវាយកូនស្រីរបស់គាត់ ហើយគាត់បានទៅឃាត់ក្នុងហេតុការមិនឲ្យឈ្លោះគ្នាទេ មិនបានវាយក្មេងឡើយ ។

ចំណែកក្មេងសិស្សសាលាវិញ បានឲ្យដឹងថា ជននោះមិនបានចូលទៅឃាត់ទេ ពេលទៅដល់ស្រែកឡូឡា ថា៖ « អាណាវាយកូនអញមិនបានឡើយ » ហើយថែមទាំងវាយទៅលើក្រុមយុវសិស្ស ជាគូរទំនាស់ជាមួយកូនគាត់ បណ្តាលឲ្យយុវសិស្ស៥នាក់រងរបួសក្នុងនោះមានស្រី៤នាក់និងសិស្សប្រុសម្នាក់ដោយម្នាក់ឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 រងរបួសធ្ងន់កំពុងចូលសម្រាកនៅគ្លីនិក ឡាំប៊ុនថន។

បន្ទាប់ពីមានហិង្សាលោកគ្រូអ្នកគ្រូក៍បានប្តឹងនគរបាលឃាត់ខ្លួន អាណាព្យាបាលសិស្សម្នាក់ដែលជាមន្រ្តីនគរបាលបង្កហិង្សាដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕