សម្តេចតេជោណែនាំ​ក្រសួង​វប្បធម៌​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​មហោស្រព​សិល្បៈ​យុវជនទូ​ទាំង​ប្រទេស​ឱ្យ​ផុលផុស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្រើនរំលឹក​ទៅកាន់ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ត្រូវ​សហការ​ឱ្យ​បាន​ជិតស្និទ្ធ ជាមួយ​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី រៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឱ្យបាន​ផុលផុស បំផុស​ស្មារតី​ទិវា​វប្បធម៌​ជាតិ ឱ្យ​កាន់តែ​សកម្ម​។​

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មានប្រសាសន៍​យ៉ាង ដូច្នេះ ក្នុង​ឱកាស​អញ្ជើញ ជា​អធិបតី ក្នុង​ពិធី អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​“​យុវជន​ដើម្បី​វប្បធម៌​ជាតិ​“​និង​ពិធី​បិទ​ម​ហោ ស្រព សិល្បៈ យុវជន​ទូទាំង​ប្រទេស​ឆ្នាំ​ទី​៦​និង​ការ​សំណេះសំណាល​ជាមួយ​សិល្បករ សិល្ប​ការិនី​ជិត​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ កោះ​ពេជ្រ​នា​រសៀល​ថ្ងៃ​ទី​៣​មីនា​នេះ​។​

​​ជា​មួយនឹង​ការ​ឧទ្ទិស «​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ២២» ចំពោះ គុណូបការៈ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច បានផ្តល់​ការណែនាំ​ឱ្យក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ត្រូវ​បន្ត​សហការ ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឤ​ជ្ញា​ធរ​ដែនដី អង្គការ​ជាតិ​-​អន្តរជាតិ និង វិស័យ​ឯកជន ព្រមទាំង​អង្គការ​មហាជន​និង​សមាគម​សិល្បៈ​នានា ដើម្បី​រៀបចំ «​មហោស្រព សិល្បៈ​យុវជន​ទូទាំង​ប្រទេស​»​និង បំផុសស្មារតី «​ទិវា​វប្បធម៌​ជាតិ​» ឱ្យបាន​កាន់តែ​សកម្ម និង ផុសផុល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​, បន្ត​និង​បង្កើត​នូវ​យន្តការ​ថ្មីៗ ដើម្បីឱ្យ​កូន​ខ្មែរ ឤ​ច​មានលទ្ធភាព​បង្កើត ស្នាដៃ​សិល្បៈ វប្បធម៌​ថ្មីៗ​របស់ខ្លួន​។

​​សូម​បញ្ជាក់ថា ទិវា​វប្បធម៌​ជាតិ​៣​មីនា​ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាល បា ន​យកចិត្តទុកដាក់ រៀបចំ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល របស់​បុព្វ បុ​រ ស​នៃ យើង​ដែល​បាន​បន្សល់ទុក នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ការ​ប្រារព្ធ​វប្បធម៌​ជាតិ ជាការ​ជំរុញ​ការផ្សព្វផ្សាយ ការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស និង ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ក្រើនរំលឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ និង​មនសិការ​ស្នេហា​ជាតិ ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី ដែលមាន​កាតព្វកិច្ច​ថែរក្សា​ការពារ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ សហគមន៍​ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​រក្សា​បាន​នូវ​ឯកភាពជាតិសាមគ្គីភាព សន្តិភាព និង​ការអភិវឌ្ឍ​៕