ប្រទេសនៅអឺរ៉ុប និងអាស៊ីចំនួន៥២នឹងមកចូលរួមកិច្ចប្រជុំអាសុី-អឺរ៉ុបនៅភ្នំពេញ នាចុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

ភ្នំពេញ ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី ១៣នារាជធានីភ្នំពេញនៅខែវិច្ឆិកា​ ឆ្នាំ ២០២០ នេះដែលមានប្រទេសចំនួន ៥២ មកពីតំបន់អឺរ៉ុប និងអាស៊ីចូលរួម។ ដើម្បីត្រៀមការពារសុវត្ថិភាព សន្តិសុខ ជូនគណ:ប្រតិភូអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ រដ្ឋបាលសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយដើម្បីបែងចែកកភារកិច្ចទៅតាមអង្គភាពពាក់ព័ន្ធ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នេះបានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត មកជួបប្រជុំគ្នា ដើម្បីមានវិធានការលើការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីកិច្ចប្រជុំអាស៊ី អឺរ៉ុបដែលកិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាល ខែវិច្ឆិកា ខាងមុខនេះ ដោយមានការចូលរួមមកពី ៥២ប្រទេសមកពីបណ្តាលប្រទេសនៅអាស៊ី និងអឺរ៉ុប។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញពីផែនការ នៃការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ ដោយបានបញ្ជាក់ថាកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ និង ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយធ្វើឡើងនៅអាគារពិព័រណ៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានប្រតិភូចំនួន ៥២ ប្រទេស មកចូលរួម មានទាំងនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋនៃបណ្តាលប្រទេសទាំងនោះ។ ក្រុមប្រតិភូនឹងត្រូវសម្រាកនៅតាមបណ្ដាលសណ្ឋាគារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានចំនួនរហូតដល់ ២០សណ្ឋាគារ ដែលត្រូវតែរៀបចំនូវសន្តិសុខ សុវត្ថិភាព ជូនពួកគាត់។

ក្នុងកិច្ចប្រជុំនោះដែរ លោក មាន ចាន់យ៉ាដា បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ឈានមកដល់ ដោយគិតទាំងពីរការប្រមូលផ្ដុំ ការបំពុលនូវព័ត៌មានក្លែងក្លាយ ការបង្ករឱ្យមានភេរវកម្មជាដើម។ នេះជាបញ្ហាមួយ ដែលគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញភ្នំពេញ ត្រូវយកចិត្តទុកដាក់ និងបង្ការទុកជាមុន។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ទៀតថា មុននៃកិច្ចប្រជុំនេះ ក៏មានកម្មវិធី អាស៊ីដេ ផងដែរ ដែលអាជ្ញាធរត្រូវតែរៀបចំទាំងសន្តិសុខ ទាំងសុវត្ថិភាព ជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានឯកភាពទាំងស្រុងចំពោះផែនការ នៃការរៀបចំសុវត្ថិភាព សន្តិសុខ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ខាងលើនេះបន្ថែមលើនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ នៅក្នុងមូលដ្ឋាន របស់ខ្លួនអោយបានល្អ ពិសេសជាងនេះទៀត គឺ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានស្អាតល្អ ដោយសារថា នេះគឺជាមុខមាត់ដ៏ធំធេងមួយ សម្រាប់រាជធានីភ្នំពេញ ខណៈដែរប្រតិភូ មកស្នាក់នៅ និងដើរកំសាន្តនៅក្នុងរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ការធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់តាមដងទន្លេ ក៏ជាបញ្ហាមួយដែលត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំនោះដែរ ដោយបែរត្រី ទូក កាណូត ស្នាក់នៅមួយចំនួន បានចតអនាធិបតេយ្យនៅតាមដងទន្លេសាប។ ជុំវិញបញ្ហានេះ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យសំអាត និងរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេអោយបានស្អាត ដោយត្រូវបង្កើតក្រុមការងារ មានទាំងអាជ្ញាធរ កម្លាំងប៉ូលីស ប៉េអ៊ឹម យកបែរត្រី ទូក និងកាណូតទាំងនេះចេញ ដោយអនុវត្តន៍ឱ្យបានសម្រេចរួចរាល់ក្នុងរយៈពេល៣ខែ ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ឬស្សីកែវ ជ្រោយចង្វា និង ខណ្ឌមួយចំនួនទៀតតាមមាត់ទន្លេ។

គួររំលឹកថា នេះជាលើកទីមួយហើយដែលកម្ពុជា នឹង ធ្វើ ជា ម្ចាស់ ផ្ទះ រៀបចំ កិច្ច ប្រជុំ អាស៊ី អឺរ៉ុប លើក ទី ១៣ នៅ ឆ្នាំ ២០២០ ខាង មុខ ខណ:កិច្ចប្រជុំដូចនេះ ត្រូវបានរៀបចំជារៀងរាល់ ២ឆ្នាំម្ដង។ នេះ គឺ ជា ការ សម្រេច របស់ កិច្ច ប្រជុំ កំពូល អាស៊ី អឺរុប ឬ ហៅ កាត់ ថា ASEM លើក ទី ១២ ។ កិច្ច ប្រជុំ ASEM លើក ទី ១២ ដែល បាន បិទ បញ្ចប់ កាលពី យប់ ថ្ងៃ ទី ១៩ ខែ តុលា នេះ ម៉ោង ក្នុង ប្រទេស កម្ពុជា ។ ប្រមុខ រដ្ឋាភិបាល កម្ពុជា ដែល បាន ដឹកនាំ គណៈ ប្រតិភូ ទៅ ចូលរួម កិច្ច ប្រជុំ អាស៊ី អឺរុប លើក ទី ១២ នៅ ទី ក្រុង ព្រុចសែល នាពេលនេាះ បាន បង្ហាញ មោទនភាព ក្នុង ការ ទទួល ធ្វើ ជា ម្ចាស់ ផ្ទះ លើក ដំបូង និង បាន អញ្ជើញ តំណាង ប្រទេស នានា ចូលរួម ប្រជុំ នៅលើ ទឹក ដី កម្ពុជា ៕