រកឃើញ៤៤នាក់ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយជនជាតិជប៉ុនផ្ទុក COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2020 ក+ ក-

ភ្នំពេញ ៖ ក្រោយពីទទួលបាន​ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​COVID-19 ក្រុម​មន្រ្តីសុខាភិបាល​ថ្នាក់​ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និង​ធ្វើការ​ប្រកប​ដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌល​ប្រយុទ្ធនឹងជំងឺឆ្លង​សហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ។ នេះបើតាមការចុះផ្សាយ​នៅលើទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី៥មីនានេះ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និងប៉ះពាល់ដោយប្រយោល ៤០នាក់​ ដែល​តម្រូវ​ឱ្យ​គាត់​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​។ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។

សូមបញ្ជាក់ថា ជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូល្រទេសជប៉ុនវិញ ហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ​។ រហូតដល់ម៉ោង​៤​ល្ងាច​ ថ្ងៃទី​៥​ មីនា​ ២០២០​ មិនទាន់កឃើញ​ករណីថ្មីនៅឡើយទេ​៕