ក្រសួងចេញគោលការណ៍៤ចំណុចទប់ស្កាត់ការប្រើលេស”ព្យួរការងារទៅជាការបញ្ចប់កិច្ចសន្យាការងារ”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2020 ក+ ក-

ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវស្ដីពីការអនុវត្តការព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យវាយនភណ្ឌ កាត់ ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះ ខាត វត្ថុធាតុដើម ដោយសារប្រទេសចិនផ្អាកការផ្គត់ផ្គងវត្ថុធាតដើម បន្ទាប់ពីផ្ទុះឡើងនូវ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ។

នៅក្នុងសេចក្តីអំពាវនាវនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវ ដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិតនិងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ត្រូវអនុវត្ត នូវគោលការណ៍ ៤ចំណុច រួមមាន ៖

១. អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ ស្តីពីការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការ ងារ។

២. អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ ប្រមុខរដ្ឋាភិបាល លើការ គ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើម (COVID-19) ។

៣. អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការងារ ស្ដីពីការព្យួរកិច្ចសន្យាការងារ ការចុះ ឈ្មោះ ចូលរៀនជំនាញទន់ នឹងការផ្អាកបង់ភាគទាន ប ស ស សម្រាប់វិស័យវាយនភណ្ឌដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើម ដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ( COVID-19)។

៤. មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការ បញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ច សន្យាការងាររើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំង ឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្នុងលិខិតដដែល  ក្រសួងការងារក៏បានបង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហ គ្រាសគ្រឹះស្ថា នកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរដែលរងផលប៉ះពាល់នឹង ចូលរួមអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕