អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំងបីធ្លាក់ចុះ៥២ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងពេលវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ កំពុងផ្ទុះនៅលើពិភពលោកនិងរាលដាលឆ្លងដល់ពលរដ្ឋជាង៧០ប្រទេស ធ្វើអោយអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានធា្លក់ចុះ ៥២ភាគរយ ក្នុងនោះភ្ញៀវចិនបានធ្លាក់ចុះ៨០ភាគរយក្នុងខែកុម្ភៈ២០២០។

យោងតាមប្រសាសន៍លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ក្នុងពេលវីរុសកូរ៉ណា កំពុងវាយលុកនៅលើពិភពលោក មិនថាតែកម្ពុជានោះទេ ដែលរងផលប៉ះពាល់ គឺវាបានរងផលប៉ះពាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក ។ជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិទាំងបី របស់កម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ អ្នកដំណើរឆ្លងកាត់បានធ្លាក់ចុះដល់៥២ភាគរយ ។ សម្រាប់ភ្ញៀវចិនបានធ្លាក់ចុះរហូតដល់៨០ភាគរយឯណោះ ធៀបនឹងខែកុម្ភៈ ២០២០ ។

លោកមានប្រសាសន៍ថា បើទោះបីជាអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបី បានធ្លាក់ចុះក្ដីក៏មិនមានក្រុមហ៊ុនអាកាសចរណ៍ណាមួយបានបិទជើងហោះហើរ ឬផ្អាកជើងហោះហើរដែរ ហើយគោលដៅ ហោះហើរក៏នៅតែរក្សាដដែល គ្រាន់តែកាត់បន្ថយជើងហោះហើរក្នុងមួយថ្ងៃៗឬមួយសប្ដាហ៍ៗ ។ តែសម្រាប់គោលដៅទីក្រុងវូហាន ប្រទេសចិន ដែលជាតំបន់ផ្ទុះជំងឺកូរ៉ូណានោះ គឺមិនមានជើងហោះហើរនោះទេ ដោយសារតែ គោលដៅមួយនេះ ត្រូវបានបិទទាំងស្រុង មិនមែនបិទតែកម្ពុជានោះទេ ។

លោកបន្ថែមថា បើទោះបីជាមានការធ្លាក់ចុះនូវចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាក្ដី ក៏កម្ពុជានៅតែបន្តពង្រីកនូវវិសាលភាពអាកាសយានដ្ឋានដដែលជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក៏កំពុងជំរុញនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមដែរ ដើម្បីត្រៀមទទួលអ្នកដំណើរដែលនឹងកើនឡើងនៅពេលខាងមុខដ៏ខ្លី ពោលគឺនៅពេលស្ថានភាពជំងឺកូរ៉ូណាបានស្ងប់ស្ងាត់ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសម្របសម្រួលដល់វិស័យទេសចរណ៍ផងដែរជាក់ស្ដែងប្រមុខរដ្ឋាភិបាលប្រកាសមិនយកពន្ធរយៈពេល៤ខែ ពីខែកុម្ភៈ ដល់ខែឧសភាឆ្នាំ ២០២០ ដើម្បីទុកលទ្ធភាពនិងសម្របសម្រួលដល់ម្ចាស់សណ្ឋាគារនានាក្នុងខេត្តសៀមរាប ។

យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញថា ក្នុងឆ្នាំ ២០២០នេះ កម្ពុជាអាចនឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ១០ភាគរយ ខណៈឆ្នាំ ២០១៩កន្លងទៅ ចំណូលពីវិសយទេសចរណ៍កម្ពុជា អាចរកចំណូលបានប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតមុខរបរនិងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ៕