ផ្លូវកាត់ថ្មី ពី បាត់ដំបង ទៅ កោះកុង ប្រវែង ជិត ២០០ គីឡូម៉ែត្រ ត្រូវបាន បើកការដ្ឋាន សាងសង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវកាត់ថ្មី ពីខេត្តបាត់ដំបង ទៅ កោះកុង កាល ពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២០។

គម្រោងសាងសង់ ផ្លូវជាតិ លេខ១០ មានប្រវែងសរុប ចំនួន ១៩៨,៧១ គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង នឹងត្រូវសាងសង់ ស្របតាម បទដ្ឋាន បច្ចេកទេស កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិត ចិន មាន ទទឹងតួ ផ្លូវសរុប ចំនួន ៩ម៉ែត្រ ជាប្រភេទ ផ្លូវចាក់ បេតុង កៅស៊ូ (AC) ព្រមទាំង មាន បំពាក់ផ្លាក សញ្ញា ចរាចរណ៍ គំនូស ចរាចរណ៍ បង្គោល គីឡូម៉ែត្រ និង បង្គោល សុវត្ថិភាព ផងដែរ។ គម្រោងនេះ មាន ការសាងសង់ ស្ពាន ចំនួន ៣៣ កន្លែង ប្រវែងសរុប ២៣៦១ម៉ែត្រ ក្នុងនោះ មាន ស្ពាន អាតៃប្រវែង ៥១២ម៉ែត្រ និង កម្ពស់ ដល់ ៧៥ម៉ែត្រ ដែល ជាស្ពាន ខ្ពស់ ជាងគេ បំផុត នៅកម្ពុជា។

គម្រោងនេះ ចំណាយ ថវិកា សរុបប្រមាណ ១៨៨,៣៨លាន ដុល្លារ ដែលជា ហិរញ្ញប្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិត ចិន រួមជាមួយ ថវិកា បដិភាគ របស់ រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ ការដោះស្រាយ ផល ប៉ះពាល់ ការបោស សម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌ មិន ទាន់ផ្ទុះ សាងសង់ ដោយ ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យ បច្ចេកទេស សាងសង់ ដោយក្រុមហ៊ុន ទីប្រឹក្សា បច្ចេកទេស ក្វាងចូវ វ៉ានអាន និង គម្រោង ចំណាយពេល សាងសង់ ចំនួន ៤៨ ខែ គិតចាប់ ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែ ធ្នូ ឆ្នាំ ២០២៣៕