បណ្ដោយផ្លូវជាតិលេខ៣ ក្លាយជាចំណាប់អារម្មណ៍អ្នកអភិវឌ្ឍន៍លំនៅឋាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងពេលតម្រូវការលំនៅឋាន ក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញនៅតែមានកំណើនខ្ពស់ តំបន់ផ្លូវជាតិលេខ៣ ជាយរាជធានី បានក្លាយជាតំបន់ដែលមានចំណាប់អារម្មណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋាន ជាក់ស្ដែងគេសង្កេតឃើញថា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅជាយរាជធានី មានក្រុមហ៊ុនអភិវឌ្ឍន៍ធំៗបាននាំគ្នាទៅអភិវឌ្ឍន៍លំនៅឋានដើម្បីទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋបើទោះបីជាបច្ចុប្បន្ននេះកម្ពុជាកំពុងជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ក្ដី ។

លោកកន សុខគា ប្រធានគ្រប់គ្រងទូទៅនៃគម្រោងបុរីវឌ្ឍនៈ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ បាននិយាយថា ការអភិវឌ្ឍលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅជាយរាជធានីភ្នំពេញ នៅតែមានសកម្មភាពខ្ពស់ ហើយការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការនៅឡើយ បើធៀបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដូច្នេះ ទើបអ្នកអភិវឌ្ឍន៍នៅតែបន្តអភិវឌ្ឍន៍ ។

លោកបន្តថា សម្រាប់ទីតាំងនៅពេលបច្ចុប្បន្ននេះ ឃើញថាទីណាក៏មានការអភិវឌ្ឍលំនៅឋានដែរ ហើយសម្រាប់ផ្លូវជាតិលេខ៣ក៏បានក្លាយជាទីតាំងដ៏មានសក្ដានុពលមួយក្នុងការអភិវឌ្ឍលំនៅឋាន ក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែតំបន់ផ្លូវជាតិលេខ៣ជាផ្លូវដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍន៍ និងយកផ្លូវនេះ សម្រាប់ជាផ្លូវពាណិជ្ជកម្មសម្រាប់ចរន្តសេដ្ឋកិច្ចផងដែរ ។

លោកបន្ថែមថា នៅក្នុងពេលមានបញ្ហាវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩កំពុងសាយភាយនៅលើពិភពលោកនិងបានជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជា តែអ្នកអភិវឌ្ឍន៍លំនៅឋាននៅតែបន្តអភិវឌ្ឍន៍ដដែល ដើម្បីបំពេញតម្រូវការស្របពេលរដ្ឋាភិបាលក៏បានប្រកាសលើកលែងពន្ធប្រថាប់ត្រាដល់លំនៅឋានដែលមានតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិកផងដែរ ។

លោកបន្ថែម ទោះបីជារដ្ឋាភិបាលប្រកាសត្រឹមតែក្រោម៧ម៉ឺនទើបលើកលែងពន្ធ ប្រថាប់ត្រាក្ដី សម្រាប់បុរី វឌ្ឍនៈក៏នឹងលើកលែងគ្រប់លំនៅឋានដែលខ្លួនអភិវឌ្ឍន៍ ទោះបីជាតម្លៃខ្ពស់ជាងនេះក្ដី ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំនៅឋានជាមួយរដ្ឋាភិបាលកម្ពុជា ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ លំនៅឋានតម្លៃក្រោម២០ម៉ឺនដុល្លារនៅតែមានការទិញលក់ ហើយអ្នកអភិវឌ្ឍន៍នៅតែបន្តអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់ទៅអ្នកមានតម្រូវការ ដូចជាផ្ទះល្វែង តម្លៃ៧ម៉ឺនដុល្លារ៨ម៉ឺនដុល្លារអាមេរិកជាដើម ។

លោកនៅតែជឿជាក់ថា ជំងឺកូវីដនឹងត្រូវបានរលត់ ស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ ហើយការវិនិយោគលើអចលនទ្រព្យនឹងត្រលប់មកដូចដើមវិញ ។ តែយ៉ាងណាក៏ដោយ ក្នុងពេលស្ថានភាពផ្ទុះជំងឺនេះ អ្នកវិនិយោគមួយចំនួននៅតែបន្តដាក់ទុនវិនិយោគជាក់ស្ដែង គម្រោងសាងសង់លំនៅឋានបុរីនានានៅតែបន្ត និងចាប់ផ្ដើមសាងសង់ថ្មីៗ ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខបី ជាផ្លូវមួយបានបើកការដ្ឋានពង្រីពី ពីរគន្លងទៅបួនគន្លងដោយមានពីរគន្លងទៅ និងពីរគន្លងមក ដើម្បីសម្រួលដល់ចរាចរណ៍ និងតភ្ជាប់ពីរង្វង់មូលចោមចៅដល់ផ្លូវបំបែក បែកគុសក្នុងទឹកដីខេត្តតាកែវ ។ ផ្លូវនេះជាផ្លូវសំខាន់ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតទៅខេត្តព្រះសីហនុ ជាខេត្តពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍ដ៏ទាក់ទាញមួយ នៅប្រទេសកម្ពុជា ៕