ឃាត់ខ្លួន​យុវតីម្នាក់មកណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតករណី Covid-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

ខេត្តសៀមរាប ​៖​ នៅ​ថ្ងៃ​ចន្ទ​ ១​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩​ និង​៣០​នាទី​ព្រឹក​ កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ថៃ​ ឆ​យឿ​ន​ ពាក់ព័ន្ធ​នឹង​បង្ហោះ​ព័ត៌មាន​មិន​ពិត​ ករណី​អ្នកព្រៃ​គុយ​មួយ​គ្រួសារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ (​ ហើយ​មានកូន​គាត់​រៀន​នៅ​សាលា​ស្វាយ​ធំ​។​ សូម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ផង​ណា​ ព្រោះ​ពួក​គាត់​ មិនដឹង​បាន​ដើរ​ចម្លង​អ្នក​ណាខ្លះ​ទេ​…​ )

​ក្រោយ​ពី​ការ​បង្ហោះ​ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នក​បំពុល​ព័ត៌មាន​មិន​ពិត​ក្នុង​សង្គម​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ថៃ​ ឆ​យឿ​ន​ ភេទ​ស្រី​ រស់នៅ​ភូមិ​ជ្រៃ​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​២០២០​។​

​តាម​រយៈ​ការ​សាកសួរ​របស់​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​បង្ហោះ​ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម​ពិតប្រាកដ​មែន​ ក្នុង​គោលបំណង​ ចង់ឲ្យ​អ្នក​ភូមិ​មានការ​ការពារ​ខ្លួន​ ដោយ​មិន​បានដឹង​ថា​ ខ្លួន​បាន​បង្ហោះ​នូវ​ព័ត៌មាន​មិន​ពិត​នោះ​ទេ​ ដោយ​ខ្លួន​គាត់​ផ្ទាល់​បាន​ស្តាប់​ឮ​ពី​គេ​ដោយ​មិន​បានដឹង​ថា ​ព័ត៌មាន​នោះ​ ពិត​ឬ​មិន​ពិត​នោះ​ឡើយ​។​

​ក្រោយ​ពី​សាកសួរ​ចប់​ សមត្ថកិច្ច​បាន​អប់រំ​ ណែនាំ​ ហើយ​ជនសង្ស័យ​ក៏​ទទួលស្គាល់​នូវ​ទោស​កំហុស​ និង​ធ្វើ​កិច្ចសន្យា​ ព្រមទាំង​មានការ​ធានា​ពី​បងថ្លៃ​មុន​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕