ទេសរដ្ឋមន្ត្រី មាស សុភា អំពាវនាវឲ្យស្ត្រី និងបុរសរួមគ្នាថែរក្សាសុខសន្តិភាព និងប្រឆាំងការប៉ុនប៉ងបំផ្លាញសន្តិភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ លោកទេសរដ្ឋមន្ត្រីមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងដោយធ្វើការអំពាវនាវអោយស្ត្រីនិងបុរស ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស និងត្រូវប្រឆាំងដាច់ខាតអ្នកដែលមានបំណងចង់បំផ្លាញសុខសន្តិភាព។

ថ្លែងក្នុងពិធីអបអរសារទរខួបលើកទី១០៩ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០ ក្រោមប្រធានបទ«មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័»ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ នា ព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ៖ ការរក្សាបាននូវសុខសន្តិភាពនិងស្ថេរភាពនយោបាយគឺជាភាពចាំបាច់ដើម្បីអោយរដ្ឋាភិបាលប្រទេសមួយមានលទ្ធភាពផ្តោតយកចិត្តទុកដាក់ ទៅលើកិច្ចអភិវឌ្ឍន៍សង្គមនិងសុខមាលរបស់ប្រជាជន។ក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពពេញលេញ គ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា គ្មានតំបន់អប្បគមន៍គ្មានការបែងចែកទឹកដីដូចមុនទៀតទេ។

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីមាស សុភាបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដើម្បីផ្ញើរជូនដល់អង្គពិធីទាំងមូលក៍ដូចជាផ្ញើរជូនដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនៅក្នុងខេត្តព្រះវិហារនេះ នៅក្នុងឱកាសខួប១០៩ទិវា៨មីនាថ្ងៃសិទ្ធនារីនាពេលនេះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ទាក់ទងនឹងយុទ្ធនាការទិវានារីអន្តរជាតិ៨មីនា ក្នុងឆ្នាំ២០២០ ខួបលើកទី១០៩ នេះ បានជ្រើសរើសយកប្រធានបទ«មានសន្តិភាព មានការលេីកកម្ពស់សមភាពយេនឌរ័»។យុទ្ធនាការថ្ងៃ៨មីនាជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្កការសហប្រជាជាតិបានប្រកាសជាថ្ងៃអង្កការសហប្រជាជាតិស្តីពីសិទ្ធស្ត្រីនិងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាយើងបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទាសិទ្ធសេរីភាពនិងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព អំពីសមិទ្ធិផល បញ្ហាប្រឈម ការប្តេជ្ញាចិត្តនិងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌរ័ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រីនិងក្មេងស្រី។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រីមាស សុភាបានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាក្នុងការខិតខំសម្រេចអោយបានលើគោលដៅចំនួន៣គឺ៖ការមិនទទួលបាននូវសេវាពន្យាកំណើត អត្រាមរណះភាពមាតា អំពើហឹង្សាទាក់ទងនិងយេនឌរ័និងអំពើហឹង្សាផ្លូវភេទ និងគ្រប់ទម្រង់នៃការរើសអើងលើស្ត្រីនិងក្មេងស្រី ដែលទាំងនេះគឺជារបៀបវិរះដ៍ចម្បង ដែលត្រូវសម្រេចអោយបាននៅក្នុងឆ្នាំ២០៣០៕ ដោយ ៖ ប៊ុនហេង