​ព័ត៌មានខ្លីសំខាន់ៗប្រចាំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

ទេសចរអង់គ្លេស ៧នាក់ឆ្លងវីរុសកូរ៉ូណា ក្រោយជិះយន្តហោះជាមួយតារាស្រីកូនសេដ្ឋីដែកថែបវៀតណាម


បរទេស ៖ ជនជាតិអង់គ្លេសអាយុចន្លោះពី៥៨ ទៅ៧៤ឆ្នាំចំនួន ៧នាក់ ត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម រកឃើញវិជ្ជមាន«វីរុសកូរ៉ូណា» បន្ទាប់ពីពួកគេជិះយន្ដហោះជាមួយតារាបង្ហាញម៉ូដនាង ង្វៀន ហុងញុង អាយុ ២៦ឆ្នាំ ជាកូនស្រីរបស់សេដ្ឋីដែកថែបវៀតណាម ពីទីក្រុងឡុងដ៍ទៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី ២ ខែមីនា។

គ្មានសេចក្តីរាយការណ៍បន្ថែមពីចំនួនអ្នកឆ្លងជំងឺនេះពីនាងនោះទេ ខណៈនាង ង្វៀន ហុងញុង បានដើរកម្សាន្តនៅប្រទេសជាច្រើនលើពិភពលោក ក្នុងនោះនាងបានចូលរួមកម្មវិធីបង្ហាញម៉ូដដ៏ប្រណីតមួយនៅទីក្រុងមីឡង់ និងក្រុងប៉ារីស ប្រទេសបារាំង៕

 

 ក្រសួងការងារ និងក្រុមហ៊ុនធំៗចំនួន ១០ ប្រកាសទទួលចុះឈ្មោះការងារថ្មី ១១៨២កន្លែង 

ភ្នំពេញ ៖ ក្រសួងការងារ បានប្រកាសថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ ឱកាសការងារចំនួន ១.១៨២កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗ ចំនួន១០ នឹងត្រូវផ្តល់ជូនសិស្ស និសិ្សត យុវជន អ្នកកំពុងស្វែងរកការងារធ្វើ។

អ្នកមានបំណងចុះឈ្មោះ កុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកតំណាង ក្រុមហ៊ុនចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង៥ ៖ ០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព័ត៌មានបន្ថែមសូមទាក់ទង ទូរស័ព្ទ ៖ ០១៦ ៧៨៦ ៦៥៥ ៕

មកដឹងពីគម្រោងសាងសង់ផ្លូវកាត់ថ្មីពីខេត្តបាត់ដំបង ទៅកោះកុង ចម្ងាយជិត២០០គ.ម.

 

កោះកុង ៖ ផ្លូវជាតិលេខ១០ កាត់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះ មានប្រវែងសរុប ១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង ធ្វើតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ចិន មានទទឹងផ្លូវ ៩ ម៉ែត្រចាក់បេតុងកៅស៊ូ (AC)។

គម្រោងនេះ ត្រូវសង់ស្ពានចំនួន ៣៣កន្លែង ក្នុងនោះមានស្ពានអាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់ដល់ ៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជា។

គម្រោងនេះ ចំណាយប្រាក់ ១៨៨,៣៨លានដុល្លារដែលជាហិរញ្ញប្បទានរបស់ចិន និងប្រាក់បដិភាគ របស់កម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ផ្សេងៗ។ រយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

 

 ចាប់ពីថ្ងៃស្អែក អាជ្ញាធរខេត្តសៀមរាប នឹងបាញ់ថ្នាំសម្លាប់វីរុស COVID-19 នៅតាមទីតាំងដែលចាំបាច់

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃស្អែកនេះ អាជ្ញាធរខេត្តសៀមរាប នឹង ដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាល បើកយុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19 ដោយចាប់ផ្ដើមជួបជុំនៅនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា ខេត្តសៀមរាប ត្រូវបានរកឃើញជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានផ្ទុកជំងឺ COVID-19 កាលពីថ្ងៃទី៧ ខែមីនា។ គិតត្រឹមថ្ងៃតី១១ មីនា នេះ នៅកម្ពុជា មាន៣ករណីហើយ គឺទី១ លើបុរសជនជាចិនអាយុ ៦០ឆ្នាំ ទី២ បុរសជនជាតិខ្មែរ នៅខេត្តសៀមរាប និងទី៣ ស្រ្តីជនជាតិអង់គ្លេស អាយុ ៦៥ឆ្នាំ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍មកពីប្រទេសវៀតណាម ចូលចតនៅខេត្តកំពង់ចាម៕

 

 ខ្លះៗក្នុងរឿងស្ត្រីម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូរ ទាក់ទិននឹងឧកញ៉ាម្នាក់

ភ្នំពេញ ៖ មុនពេលកើហេតុ នារីវ័យ ២៥ឆ្នាំម្នាក់ បានកាន់កែវ និងស្រាបៀរ១កំប៉ុង ឡើងទៅលើជាន់ទី៥ នៃអាគារខុនដូ ឈ្មោះ «វីឃែន WECAN» តាមបណ្ដោយផ្លូវលេខ៩៩ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន មួយសន្ទុះក្រោយមក ស្រាប់តែឃើញធ្លាក់មកដីបណ្តាលឲ្យស្លាប់ភ្លាមៗនៅវេលាម៉ោងប្រមាណ ៣ទាបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ។

នារីដែលធ្វើអត្តឃាតឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់ក្នុងខុនដូរខាងលើនៅជាន់ទី៤។

ទាក់ទងនឹងករណីអត្តឃាតកម្មនេះ ត្រូវបានគេសង្ស័យថា បណ្តាលមកពីការមិនចុះសម្រុងរឿងនារីរងគ្រោះចង់រក្សាទុកកូនក្នុងផ្ទៃដែលបដិសន្ធិឡើងក្នុងចំណងស្នេហារជាមួយលោកឧកញ៉ាម្នាក់ តែភាគីខាងប្រុសមិនព្រម និងណែនាំជំរុញឲ្យនាងទៅមន្ទីរពេទ្យ។

តាមឯកសារជាសំឡេង នារីរងគ្រោះបានតិះដៀល និងចោទលោកឧកញ៉ាម្នាក់នោះយ៉ាងធ្ងន់ៗ និងរៀបរាប់ពីការលំបាកដោយសារលោកឧកញ៉ារូបនោះ៕

 អ្នកបកប្រែ និងម្ចាស់ម៉ូតូកង់បីដឹកបុរសជនជាតិជប៉ុនដែលផ្ទុកកូវីដ-១៩ គ្មានជំងឺនេះទេ

ខេត្តសៀមរាប ៖ បើតាមមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងនៅថ្ងៃទី១១ ខែមីនា នេះថា បុរសម្ចាស់ម៉ូតូកង់បី (PassApp) ធ្លាប់បានដឹកបុរសជនជាតិជប៉ុនម្នាក់ដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេស្តរកវីរុស COVID-19 រួចហើយ តែលទ្ធផលអវិជ្ជមាន គឺគាត់គ្មានរោកសញ្ញាជំងឺនេះទេ គាត់មានសុខភាពល្អ។

ទោះជាយ៉ាងនេះក្តី បុរសខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងតាមដានសុខភាព ចំនួន១៤ថ្ងៃ នៅក្នុងបន្ទប់ព្យាបាលជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។

 

កម្មកររោងចក្រ ហុង ស៊ីង ស្នើពន្លឿនលក់ឡាយឡុងសម្ភារៈដោយសារថៅកែរត់ចោល

ភ្នំពេញ ៖ កម្មកររោងចក្រ ហុង ស៊ីង នៅខណ្ឌមានជ័យ ស្នើសុំឲ្យមន្ត្រីក្រសួងការងារជួយសម្រួលនីតិវិធីលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រឲ្យបានលឿន ក្រោយពេលដែលថៅកែរោងចក្របានរត់ចោលកម្មករតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ដោយមិនព្រមចូលខ្លួនដោះស្រាយតាមកាលកំណត់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ។ ក្រុមកម្មករបានប្តូរវេនគ្នាដេកយាមទាំងថ្ងៃ ទាំងយប់ តាំងពីពេលនោះមក ដើម្បីឃ្លាំមើលសម្ភារៈខ្លាចមានការលួចដឹកចេញ។

រោងចក្រ ហុង ស៊ីង មានកម្មករសរុប ១៩០នាក់ ថៅកែជាជនជាតិចិន បានចាក់សោទ្វាររបងរោងចក្រ ហើយរត់ចោលកម្មករតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ នៅថ្ងៃទី១១ ខែមីនា នេះ ក្រុមកម្មករបានប្រាប់ថា ពួកគេគ្រោងចាប់ផ្ដើមលក់សម្ភារៈក្នុងរោងចក្រតែមិនហ៊ាន ដោយសារមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងការងារ៕

មកដល់ពេលនេះ មិនមានគ្រូពេទ្យកម្ពុជាណាម្នាក់ឆ្លងមេរោគ COVID-19 ទេ

ភ្នំពេញ ៖  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅថ្ងៃទី១១ ខែមីនា នេះថា ក្រុមគ្រូពេទ្យគឺជាអ្នកទី១ ដែលនៅជិតអ្នកដែលផ្ទុកជំងឺ COVID-19 និងងាយឆ្លងមុនគេ ប៉ុន្តែរហូតមកដល់ពេលនេះ  មិនទាន់រកឃើញគ្រូពេទ្យណាម្នាក់បានឆ្លងនូវជំងឺ COVID-19 នេះនៅឡើយទេ។

លោកស្រីបន្តថា អ្នកឆ្លងមេរោគ COVID-19 នេះ មិនមែនមិនឈឺនោះទេ ប៉ុន្តែមានសន្ទុះស្រាល អ្នកខ្លះគ្រាន់តែកើតជំងឺគ្រុនក្ដៅតិចតួច ព្យាបាលត្រឹមរយៈពេលតែ១៤ថ្ងៃ ក៏បានធូរស្បើយ។ ប៉ុន្តែ មិនអនុញ្ញាតឲ្យដឹកជញ្ជូនអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀត ផ្លាស់ប្ដូរបានតាមតែចិត្តនោះឡើយ៕