គ្រូពេទ្យជំនាញចិន និងបរិក្ខារវេជ្ជសាស្ត្រ ៤តោន បានមកដល់កម្ពុជាហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2020 ក+ ក-

ភ្នំពេញ ÷ នៅព្រឹកថ្ងៃច័ន្ទទី២៣ មីនា នេះ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញរបស់ខ្លួនចំនួន ៧រូប មកដល់កម្ពុជាហើយ រួមទាំងបរិក្ខារវេជ្ជសាស្ត្រប្រមាណ ៤តោនផងដែរ ប្រយោជន៍ដើម្បីចែករំលែកចំណេះដឹងពីការព្យាបាលជំងឺកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា ខណៈដែលជំងឺឆ្លងដ៏កាចសាហាវមួយនេះ កំពុងរាតត្បាតនៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលកម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ នេះ ជាបន្តបន្ទាប់រហូតជិត ៩០នាក់ ហើយគិតត្រឹមថ្ងៃទី២៣ ខែមីនា នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានអញ្ជើញទៅទទួលស្វាគមន៍នៃការ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់ក្រុមគ្រូពេទ្យជំនាញចិនទាំង៧រូបនេះ ដោយបានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិនរបស់ លោកប្រធានាធិបតី ស៊ី ជិនភីង ដែលតែងបានជួយដល់កម្ពុជា ជាពិសេសការជួយដ៏មានសារសំខាន់បំផុតនៅក្នុងគ្រាដ៏លំបាកនេះ។

ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា សូមកុំមានការព្រួយបារម្ភជ្រុលហួសពេក ហើយត្រូវមានការជឿជាក់លើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ នេះ៕