ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅកម្ពុជាកើនដល់៨៧ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីសរុបចំនួន៣នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៨៧នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់របស់ក្រសួងសុខាភិបាល។

ក្នុងចំណោមអ្នកឆ្លងថ្មី៣នាក់នេះ មានស្រ្តីជនជាតិបារាំងម្នាក់អាយុ២៨ឆ្នាំ ដែលជាម្តាយទារកអាយុ៤ខែ មានវីរុសកូវីដ នៅរាជធានីភ្នំពេញ បុរសខ្មែរម្នាក់អាយុ៤៥ឆ្នាំ នៅខេត្តកំពង់ចាម និងបុរសខ្មែរម្នាក់អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពត ដែលសម្រាកព្យាបាលនៅខេត្តកោះកុង។

សូមជម្រាបថា គិតត្រឹមម៉ោង៨៖៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕