អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស កំពុង​បង្កើន​ការ​ផ្សព្វផ្សាយ​វិធានការ​បង្ការ​មេរោគ កូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2020 ក+ ក-

ភ្នំពេញ ៖ អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា បានបង្កើនការផ្សព្វផ្សាយស្តីពីវិធានការបង្ការមេរោគ កូវីដ១៩ (Covid-19) បន្ទាប់ពីមានបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយពីពលករខ្មែរ បានសម្រុកចូលប្រទេស ក្រោយអាជ្ញាធរថៃ ប្រកាសបិទព្រំដែនបណ្តោះអាសន្នជាមួយកម្ពុជា។

នៅតាមបណ្តាខេត្តនីមួយៗ គេសង្កេតឃើញ មានការដាក់ចេញនូវបទបញ្ជាដល់អភិបាលក្រុងស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធឱ្យធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំស្តីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩នៅតាមផ្ទះដោយលក្ខណៈបុគ្គល នៅតាមភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម សារ៉ាវ វិហារសាសនា រោងចក្រសហគ្រាស ទីផ្សារ និងទីប្រជុំជននានានៅទូទាំងប្រទេស ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីវិធីបង្ការ និងទប់ស្កាត់ពីមេរោគរាតត្បាត កូវីដ១៩។ ទន្ទឹមនឹងដាក់ចេញនូវវិធានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនេះ សម្តេចក្រឡាហោម ស ខេង ក៏បានព្រមានផងដែរថា បើភូមិណាមួយកើតមានមេរោគ កូវីដ១៩ (Covid-19) ២ ឬ៣នាក់ គឺអាចនឹងមានការបិទភូមិនោះតែម្តង

សូមជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី ចំនួន ២២នាក់ និងបុរសចំនួន ៦៥នាក់ ដែលមានជនជាតិខ្មែរចំនួន ៣៥នាក់ និងជនបរទេសចំនួន ៥២នាក់៕