ពលរដ្ឋខ្មែរនៅតែបន្តវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រករបៀងក្រោយផ្ទុះមេរោគប្រភេទថ្មីកូវិដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានការប្រកាសបិទច្រកព្រំដេនកម្ពុជាថៃដើម្បីកាត់បន្ថយការរីករាលដាលជម្ងឺថ្មីកូវិត១៩ គេសង្កេតឃើញថាមានពលរដ្ឋខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរាប់ម៉ឺននាក់បានបង្ខំចិត្តវិលត្រឡប់មកមាតុប្រទេសវិញ។ការវិលត្រឡប់មកមាតុ ប្រទេសវិញរបស់បងប្អូនប្រជាពលរដ្ឋនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការត្រួតពិនិត្យសុខភាពនិងការរស់នៅបណ្តោះអាសន្នរយៈពេល១៤ថ្ងៃដើម្បីតាមដានមុននឹងអោយចាកចេញចូលទៅរួមរស់ជាមួយក្រុមគ្រួសារនិងស្រុកភូមិវិញ។

ច្រកត្រូវបានបិទទាំងស្រុងនៅថ្ងៃទី២៣ខែមិនាឆ្នាំ២០២០នេះ ពលរដ្ឋក៏សម្រុកមកខ្លាំងក្នុងថ្ងៃបិទនោះដែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រករបៀងមួយចំនួន ហើយកំពុងបន្តមកដល់ថ្ងៃទី២៤ខែមិនានេះដែរ តែការសម្រុកចេញថ្ងៃនេះគឺតាមច្រករបៀងចំការគក្រោមការគ្រប់គ្រងរបស់កងការពារព្រំដែន៥០៣ គ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន។

លោកឧត្តមសេនីយ៍ទោ  ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យបានថ្លែងប្រាប់តាមទូរសព្ទ័ថា អាជ្ញាធរថៃបានដឹកបងប្អូនប្រជាពលរដ្ឋខ្មែរចំនួន៨១នាក់តាមរថយន្តយកមកទម្លាក់ចោលនៅមុខច្រករបៀងចំការគ ។ដើម្បីងាយស្រួលដល់ការគ្រប់គ្រងក្នុងការតាមដានសុខភាពរបស់ពួកពលរដ្ឋទាំងនោះ និងក្រោមបទបញ្ជា និងការណែនាំ ពីឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ  ដឹកនាំកម្លាំងចុះសហការ បានចុះធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃអោយយល់ដឹងអំពីវិធីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រោយពីបានណែនាំរួច លោកឧត្តសេនីយ៍ មេបញ្ជាការ ក៏បានបញ្ជាអោយកងកម្លាំងទាហាន ដឹកបងប្អូនប្រជាពលរដ្ឋទាំង ៨១នាក់នោះ មកដាក់នៅមណ្ឌលសំចកបណ្តោះអាសន្ន (NPA) ក្រុងប៉ោយប៉ែត ដើម្បីអោយក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យតាមដានសុខភាព។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុ រាត្រី បានត្រៀមរៀបចំជាស្រេចទីកន្លែងសម្រាប់ស្នាក់នៅព្យាបាលអ្នកផ្ទុកជំងឺប្រភេទថ្មី កូរ៉ូណា កូវិដ១៩ គឺសណ្ឋាគារព្រះចន្ទ័ ដែលមានទីតាំងនៅគល់ស្ពានសែសិន៕