ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃស្អែក ទី១ ខែមេសា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចនឹងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពតាមការណាត់របស់ក្រុមគ្រូពេទ្យ។

ព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា
«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕