លោក សុវណ្ណ រិទ្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

ភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាម​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ ។

​​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ថា ក្រោយ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ហើយ​នោះ សំណុំរឿង​ខាងលើនេះ ​និង​ជន​ត្រូវ​ចោទ សុវណ្ណ រិទ្ធី ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​នៅថ្ងៃនេះ​ទៀត ។ លោក​បន្តថា​នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន លោក សុវណ្ណ រិទ្ធី ។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​ប្រកាស​លុបចោល​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ព័ត៌មាន TVFB ទាំងអស់ ដែលមាន​លោក សុវណ្ណ សុខា ជា​ម្ចាស់​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយសារតែ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​៕