ក្រសួងមហាផ្ទៃ ៖ គ្មានផែនការដោះលែងអ្នកទោសស្រាលៗ ដើម្បីបង្ការជំងឺកូវីដ១៩ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

ភ្នំពេញ ៖ មណ្ឌលអប់រំ កែប្រែ និងពន្ធនាគាររាជធានី-ខេត្តទាំងអស់ កំពុងអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងការពារមន្ត្រី និងជនជាប់ឃុំកុំឲ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ប៉ុន្តែពុំមានផែនការដោះលែងអ្នកទោសនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ការលើកឡើងនេះ បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឲ្យពន្ធនាគារ ដោះលែងអ្នកទោសនយោបាយ ឬអ្នកទោសប្រព្រឹត្តស្រាលៗ ដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។
លោក នុត សាវនា បញ្ជាក់ថា វិធានការបង្ការ និងការពារទាំងនោះ ដូចជាផ្អាកការចូលសួរសុខទុក្ខជនជាប់ឃុំបណ្ដោះអាសន្ន ការបាញ់ថ្នាំសម្លាប់មេរោគក្នុងពន្ធនាគារជាប្រចាំ បង្កើតកន្លែងលាងដៃនៅតាមពន្ធនាគារ និងមានការផ្គត់ផ្គងសាប៊ូដុំ និងសាប៊ូបោកខោអាវគ្រប់គ្រាន់ជាដើម។ លោកអះអាងបន្ថែមថា ពន្ធនាគារ ក៏បានដាក់ចេញវិធានការ ចាំបាច់នានាជាបន្តបន្ទាប់ទៀតដើម្បីសង្គ្រោះ និងអន្តរាគមន៍បន្ទាន់ក្នុងករណីមានការឆ្លងរាតត្បាតក្នុងពន្ធនាគារ៕