រណ្តាប់ទទួលទេវតាសង្ក្រាន្តឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

មហាសង្ក្រាន្តឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២ ៥៦៤ នឹងចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០២០ នាវេលាម៉ោង ២០ និង ៤៨នាទី ( ជាវារៈមហាសង្ក្រាន្ត )។

ថ្ងៃអង្គារ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២០ ជាវារនៈវ័នបត ។ថ្ងៃពុធ ៨ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែ មេសា គ.ស ២០២០ ជាវារនៈវ័នបត ។ថ្ងៃព្រហស្បត៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០២០ នៅវេលាម៉ោង ១ និង ២៤នាទី ៣៦វិនាទី ជាវារៈឡើងស័ក ។

ទេវតាឆ្នាំថ្មីព្រះនាម គោរគៈទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុមហារាជិកា ទ្រង់អម្ពរពណ៌ លឿង លម្អនៅព្រះការណ៍ដោយផ្កា អង្គារបុស្ស អភរណ កែវមុក្តា សោយ តេលំ គឺប្រេង ( ប្រេងដែលមនុស្សអាចបរិភោគបាន ) ជាអាហារ គង់លើស្តេច ខ្លា ។

កត់សម្គាល់៖ ដូចដែលបានលើកឡើងខាងលើនេះ ឃើញថា វារៈវ័នបត ឆ្នាំនេះ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ ខែមេសា ហើយជាសរុបទៅពិធីបុណ្យចូលឆ្នាំ នាឆ្នាំនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា។រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់គ្រឿងពលីការផ្សេងៗ ។

ត្រូវរៀបក្រាលសំពត់ពណ៌ ស (អាចក្រាលសំពត់ព័ណ៌លឿងក៏បាន ព្រោះទេវតាឆ្នាំនេះ គ្រងអម្ពរពណ៌លឿង ) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ ថ្នាក់ មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់លើជើងពាន ១១ ដូងឡៅ ១ គូ ទឹកស្អាត ២ កែវ ។

ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បី នមស្សកាថ្វាយបង្គុំ ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និង មានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ ថ្នាក់ ចុះមក ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន ប្រាំ ធូប ប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និង លើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។

បន្ថែមលើអ្វីដែលមានចែងនៅក្នុងសៀវភៅ មហាសង្ក្រាន្តត្រូវរៀបចំឱ្យមានប្រេង គឺជាប្រេងអ្វីក៏ដោយដែលមនុស្សអាចបរិភោគបាន ចំនួន ២ ចាន ដែលអាចជាចានចង្កឹះ ចានគោម ឬ ចានសំប៉ាត ក៏បានដាក់នៅក្នុងគ្រឿងរណ្តាប់ទទូលទេវតាព្រោះទេវតាឆ្នាំនេះ សោយប្រេង ៕