កម្ពុជា-ចិនរៀបចំកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ដំណាក់កាលទី២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2020 ក+ ក-

ភ្នំពេញ ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានរៀបចំកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាគីទាំងពីរ ដំណាក់កាលទី២ ត្រូវបានរៀបចំឡើងក្រោមទម្រង់វីឌីអូចម្ងាយ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការស្ថានទូតចិនប្រចាំកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ ​និងផ្លូវ, កិច្ចសហប្រតិបត្តិការវិនិយោគ, កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច, ពាណិជ្ជកម្មអេឡិចត្រូនិក និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារកុងសុងស៊ីដែលបានសម្រេចយ៉ាងទូលំទូលាយ ហើយក៏ទទួលបានវិវឌ្ឍនចម្បងលើវិស័យជំនួញទំនិញ, បទបញ្ញត្តិទីកន្លែងផលិត, ភាពសម្របសម្រួលងាយស្រួលសម្រាប់នីតិវិធីគយនិងពាណិជ្ជកម្ម, ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម, វិធានការសុខាភិបាលនិងរុក្ខអនាម័យ, សេវាកម្មពាណិជ្ជកម្ម, តម្លាភាព​ និងវិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងច្បាប់។

ភាគីទាំងពីរក៏បានណាត់ពេលវេលា នឹងជំរុញកិច្ចចរចានេះឲ្យបានឆាប់រហ័សក្រោមទម្រង់រូបភាពទាំងឡាយ ក្នុងនោះក៏បញ្ចូលទាំងទម្រង់ប្រជុំវីឌីអូផងដែរ ដើម្បីរួមគ្នាចាត់វិធានការជាក់ស្តែងក្នុងការជំរុញពាណិជ្ជកម្មសេរី, លំនឹងនៃសេដ្ឋកិច្ចតំបន់, ការការពារសង្វាក់ផលិតកម្មលើសកលលោក និងព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19។

ការពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាគំនិតផ្តួចផ្តើមជាក់ស្ដែងដ៏ចម្បងនៃកុងសុងស៊ីរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស វាមានសារសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មទាំងពីរប្រទេសឲ្យកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជួយជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា៕