អភិបាលខេត្តកំពង់ចាម ប្តេជ្ញាបន្តដំណើរការអភិវឌ្ឍខេត្តបន្ថែមទៀត បើទោះបីប្រឈមនឹងវិបត្តិ កូវីដ១៩ ក្តី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអះអាងថា ទោះបីជាយ៉ាងណា ជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍របស់ខេត្តនោះឡើយ ជាក់ស្ដែងការសាងសង់ស្ពានគៀនជ្រៃ ត្រូវបានសម្រេចមុនផែនការកំណត់ តែជាង៤ខែ ជាមួយគ្នានោះ គម្រោងសាងសង់ខឿនច្រាំងទន្លេប្រវែង១៨៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម ត្រូវបានរៀបចំបុកគ្រឹះស្ថាបនាផងដែរ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នៅទូទាំងខេត្តកំពង់ចាម មានអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន១៦នាក់ សុទ្ធសឹងតែជាភ្ញៀវបរទេស ហើយត្រូវបានព្យាបាលជាសះស្បើយចំនួន៧នាក់ ជាបន្តបន្ទាប់ ក្នុងនោះភ្ញៀវទេសចរ និងបុគ្គលិកលេីនាវា Viking Cruise Journey បន្ទាប់ពីនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ២ដង ហើយត្រូវបានធ្វើតេស្តដោយគ្មានផ្ទុកជំងឺកូវីដ១៩ទេនោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារមេគង្គ ត្រឡប់ទៅស្រុកកំណើតវិញ ដូច្នេះសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ហាក់ដូចជាមានការធូស្បេីយក្នុងអារម្មណ៍ ព្រមទាំងចេញដេីរធ្វើការហាត់ប្រាណនៅទីសាធារណៈ និងប្រកបមុខរបរលក់ដូរឡើងវិញផងដែរ។

លោក អភិបាលខេត្ត បានបន្តថា ទោះជាយ៉ាងណា យើងមិនត្រូវ ភ្លេចខ្លួនធ្វេសប្រហែសនោះឡេីយ គឺយេីងត្រូវបន្តការផ្សព្វផ្សាយសារអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ និងណែនាំដល់ពលករដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ ឲ្យពួកគាត់អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដេីម្បីធ្វើការពិនិត្យតាមដានសុខភាព ព្រមទាំងមានការផ្គត់ផ្គង់ជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងជីវភាពផងដែរ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានជម្រុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យធ្វើការសិក្សា ក្នុងការផ្គត់ផ្គង់គ្រាប់ពូជលេីដីទំនេរ របស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់លើការចិញ្ចឹមសត្វ របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕ ដោយ ៖ ប៉ែន សុផល