កិច្ចប្រជុំអាស៊ានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 April, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម។

បើតាម ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបថា តាមរយៈកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ ចំនួន៨ ចំណុច។ ប្រមុខរដ្ឋាភិបាលអាស៊ានទទួលស្គាល់ថា កន្លងមកអាស៊ានមានយន្តការពិសេស ទៅលើវិស័យសុខាភិបាលអាស៊ាន និងយន្តការផ្សេងៗទៀតរបស់អាស៊ាន ដែលបានធ្វើការជាមួយគ្នាកន្លងទៅ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ។

១. ប្រមុខរដ្ឋាភិបាលអាស៊ាន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈពិ សេសចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង និងការពារប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន តាមរយៈការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ពិសេសគឺការកសាង និងពង្រឹងសមត្ថភាពនៅប្រព័ន្ធសុខាភិបាលនៃប្រទេសមួយ។
២. ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនិ ងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀតក្នុងគោលដៅការពារដល់គ្រូពេទ្យជួរមុខ។
៣. ជំរុញទំនាក់ទំនងសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាពតាម រយៈការប្រើប្រាស់យន្តការផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយស្ដីពីការផ្សព្វផ្សាយវីរុសកូវីដ១៩។
៤. អាស៊ានប្ដេជ្ញាចិត្តរួមគ្នាឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្រប សម្រួលគោលនយោបាយនៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមកិច្ចដោយសារជំងឺមួយនេះ។ ពិសេសគឺក្នុងគោលដៅការពារប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន និងការពារម៉ាក្រូសេដ្ឋកិច្ចអាស៊ាន។
៥. បន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណាឲ្យទីផ្សារអាស៊ានបើកចំហ សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងអាស៊ាននិងប្រទេសនៅខាងក្រៅអាស៊ាន ក្នុងគោលដៅធានានូវសន្តិសុខស្បៀងនិងស្ថេរភាពការផ្គត់ផ្គង់ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្រ្តជាដើម។
៦. បន្តការអនុវត្តយន្តការសមស្របដើ ម្បីបង្កើតនូវជំនឿស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈគោលនយោបាយរបស់ប្រទេសសមាជិកនីមួយៗដែលជួយដល់ប្រជាពលរដ្ឋដូចជា ជាពាណិជ្ជករ ដែលរងផលប៉ះពាល់ដោយសារតែជំងឺឆ្លងមួយនេះ ពិសេសសហគ្រាសធុនតូចនិងមធ្យម។
៧. លើកទឹកចិត្តនិងគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុដល់ដៃគូអាស៊ានក្នុងការគាំទ្រប្រឆាំងនឹងជំងឺឆ្លង។ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាក្នុងការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ ។
៨. ប្រមុខរដ្ឋាភិបាលអាស៊ានមានការប្ដេជ្ញាចិត្តក្នុងការរក្សាសាមគ្គីភាពមិត្តភាពក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺមួយនេះ និងរួមគ្នាសហការធ្វើការជាមួយនឹងអង្គការសុខភាពពិភពលោកនិងដៃគូខាងក្រៅរបស់អាស៊ាននិងសហគមន៍អន្តរជាតិនៅក្នុងការបន្តទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណារក្សាម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់អាស៊ាននឹងបន្តការកសាងសហគមន៍អាស៊ាន៕