ក្រសួងពាណិជ្ជកម្ម ស្នើឲ្យភាគីបញ្ជាទិញពន្លឿនការទទួលយកផលិតផលតាមកិច្ចព្រមព្រៀង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 April, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលក្រសួងពាណិជ្ជកម្ម (MoC) កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា បានចេញសេចក្ដីប្រកាសដោយអំពាវនាវឲ្យក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងក្រុមហ៊ុនបញ្ជាទិញទំនិញធ្វើដំណើរ ដែលមានប្រភពពីប្រទេសកម្ពុជា ត្រូវរក្សាការប្ដេជ្ញាចិត្តតាមរយៈការទទួលយករាល់ផលិតផលដែលបានផលិតរួចហើយទៅតាមលក្ខខណ្ឌដែលមានក្នុងកិច្ចព្រមព្រៀង។

សេចក្ដីប្រកាសរបស់ MoC ដែលចុះហត្ថលេខាដោយលោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១ មក ប្រទេសកម្ពុជាបានធ្វើជាដៃគូជាមួយអង្គការអន្តរជាតិខាងការងារ (ILO) លើគម្រោងរោងចក្រកាន់តែប្រសើរនៅប្រទេសកម្ពុជា ដែលតម្រូវឲ្យរោងចក្រកាត់ដេរនាំចេញទាំងអស់នៅប្រទេសកម្ពុជា ត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយ ILO ដើម្បីធានាការគោរពតាមច្បាប់ជាតិ និងស្ដង់ដាការងារអន្តរជាតិ ហើយកម្ពុជា គឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយស្ដង់ដាការងារ។

ឯ.ឧ. ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងលិខិតនោះថា៖ « ខ្ញុំសូមអំពាវនាវដល់ដៃគូរបស់យើង ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរដែលមានប្រភពពីប្រទេសកម្ពុជាត្រូវរក្សាការប្ដេជ្ញាចិត្ត ចំពោះប្រទេស កម្ពុជា និងជាពិសេសចំពោះកម្មកររបស់យើង។ យើងចង់ឲ្យអ្នកគោរពតាមកិច្ចព្រមព្រៀងរបស់អ្នក និងមិនត្រូវលុបចោលការបញ្ជាទិញដែលត្រូវបានដាក់រួចហើយ និងទំនិញត្រូវបានផលិតរួចហើយ ឬកំពុងផលិតនៅពេលបច្ចុប្បន្ន»។

ក្នុងសេចក្តីប្រកាសក៏បានរំលឹកដល់ភាគីបញ្ជាទិញផងដែរថា៖ «អ្នកបានរួមចំណែកដល់ការអភិវឌ្ឍសង្គមរបស់ប្រជាជនកម្ពុជា រាប់លាននាក់ ដែលកំពុងពឹងផ្អែកលើវិស័យទាំងនេះក្នុងជីវភាពរស់នៅរបស់ពួកគេ»៕