រឹបអូសម៉ូតូស៊េរីទំនើបៗពីទីតាំងមួយកន្លែងសង្ស័យនាំចូលតាមច្រករបៀង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

ក្រុងប៉ោយប៉ែត ៖ ទីតាំងលក់ម៉ូតូមួយកន្លែងយីហោ« ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ» ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ ដោយសង្ស័យថា ជាម៉ូតូដែលក្រុមរកស៊ីក្រៅច្បាប់ឃុបឃិតជាមួយមន្ត្រីមានអំណាចតាមព្រំដែន នាំចូលតាមច្រករបៀងរបស់ខេត្តខ្មែរជាប់ប្រទេសថៃ។

ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើនម៉ូតូម៉ាក់ PCX សេរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំងគយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួរនាំ និងបងពន្ធតាមច្បាប់។

ប្រភពថា ម៉ូតូនៅក្នុងក្រុងប៉ោយប៉ែត ដែលដាក់តាំងលក់មួយភាគគីជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរស័ព្ទ មួយភាគទៀតចូលមកតាមរយៈខ្សែបក្ខពួកក្រុមឈ្មួញ ហូរចូលស្ទើររៀងរាល់ថ្ងៃយប់តាមបន្ទាត់ព្រំដែនក្នុងស្រុកចំនួនបីខាងជើងផ្លូវជាតិលេខ៥ ដូចជាស្រុកអូរជ្រៅ ស្រុកស្វាយចេកនិងស្រុកថ្មពួក។ មិនតែប៉ុណ្ណោះ មានទាំងនាំរថយន្តចង្កួតដ្ដាំសេរីទំនើបៗ យកប្ដូរពណ៏ថ្នាំត្រេអ៊ី ជាច្រើនផងដែរ ។

បញ្ហាការនាំចូលរថយន្ត ម៉ូតូរួមទាំងមុខទំនិញគេចពន្ធតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅតែបន្តមានកើត បើទោះជាអនុសាសន៌សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទច្រករបៀងក៏ដោយ។ ហើយការខាតបង់ថវិកាចូលរដ្ឋក្នុងមួយខែៗ ជាច្រើនដោយសារតែការនាំចូលមុខទំនិញ ឬរថយន្ត ម៉ូតូគេចពន្ធរបស់ក្រុមឈ្មួញជាមួយមន្ត្រីខិលខូចមួយចំនួនតូចតាមបន្ទាត់ព្រំដែន។
ប្រភពបន្តថា បើគយចល័តប្រចាំតាមច្រករបៀងមិនបើកដៃ ធ្វើយ៉ាងណាទើបម៉ូតូ និងទំនិញគេចពន្ធផ្សេងៗទៀតនាំឆ្លងដែនមកខាងទឹកដីកម្ពុជាបានបែបនេះ។

ករណីខាងលើលោក ឈុន សុធាវណ្ណារី អនុប្រធានគយចល័តក្រសួង ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខាងលិចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ប្រាប់ថា ការដែលលោកសហការដឹកនាំកំលាំងចម្រុះចុះចាប់កន្លែងលក់ម៉ូតូខាងលើនេះ គឺលក់ម៉ូតូអត់ពន្ធ និងគ្មានពន្ធនាំចូល ដែលម្ចាស់លក់ម៉ូតូ នាំចូលតាមច្រករបៀងមកដាក់តាំងលក់ដោយគ្មានច្បាប់ ហ៊ានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន (ហុងដា.HONDA)ដែលនាំចូលផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ត ថា ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួន ១០គ្រឿងជាង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកយកទៅទីចាត់ការគយនិងរដ្ឋាករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ៕