សមាគមផ្នែកដឹកជញ្ជូនមួយលើកឡើងថា “ខ្លាចពន្ធដារជាងខ្លាចជំងឺកូវីដ-១៩”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅក្នុងដំណាក់នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ គ្រប់គ្នាបានបង្ហាញការខ្លាចរអាពីមេរោគកូវីដ១៩ តែបែរជាសមាគមភស្តុភារកម្មកម្ពុជា បានផ្តោតលើផ្នែកដឹកជញ្ជូនដោយប្រៀបធៀបថា ខ្លួនខ្លាចពន្ធដារជាងខ្លាចជំងឺកូវីដ ១៩ ទៅវិញ។

នៅក្នុងសេចក្ដីថ្លែងការមួយដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា នេះ ស្ដីពីការព្រួយបារម្ភអំពីស្ថានភាពអាជីវកម្មក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ និងផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យសេដ្ឋកិច្ចជាសកល រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងនោះវិស័យដឹកជញ្ជូនក៏បានរងផលប៉ះពាល់ជាបន្តបន្ទាប់គួរអោយព្រួយបារម្ភ ។

នៅក្នុងចំណុចទាំង៨ ដែលបង្ហាញពីការព្រួយបារម្ភ របស់សមាគមមួយនេះ មានចំនុចពីរ ដែលមើលទៅចាប់អារម្មណ៍ជាងគេ ក្នុងនោះ គឺក្រសួងស្ថាប័នមួយចំនួន របស់រាជរដ្ឋាភិបាលនៅតែបន្តយកកម្រៃជើងសារ ទៅលើការបំពេញបែបបទបញ្ចេញទំនិញគ្មានការបន្ធូរបន្ថយឡើយ និងចំណុចមួយទៀតនោះ គឺមន្ត្រីពន្ធដារនៅតែបន្តចុះធ្វើសវនកម្មគ្រប់ប្រភេទ និងបានធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់ខ្លាចមន្ត្រីពន្ធដារជាងខ្លាចជំងឺកូវីដ ១៩ ទៅទៀត៕