សម្តេច ស ខេង ៖ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មិន​មែនជាការដាក់បន្ទុកពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 April, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា ការចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី០១ ខែឧសភាស្អែកនេះ គឺមិនមែន​ជាវិធានការដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែ​គឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ការលើក​ឡើងរបស់សម្តេចក្រឡាហោមនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបប​ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែល​ចំណុះ​ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីមានការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនដែលបានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ​ ហើយ ​សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលប្រជា​ពលរដ្ឋ​បាននិងកំពុងប្រឈមនឹងបញ្ហាជីវភាព ខណៈដែលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅ លើពិភពលោក ក៏ដូចជានៅកម្ពុជាបច្ចុប្បន្ននេះ។

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំ ហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុត​ពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ។ សម្ដេចក្រឡាហោមបានគូស​បញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យក​ឆ្នាំ​២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែល​វិធាន​ការនេះ​មិន​មែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះ​ទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេច​ក្រឡាហោមបានបន្ដថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែល​ធ្វើ​ដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ សម្តេចក្រឡាហោម​បានអះអាងថា បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើ​ដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពាន​ភ្លើង​សញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ៕