សម្ដេចតេជោបញ្ជាក់ពីឯកសារចាំបាច់បំផុតចំនួន២ ដែលត្រូវមានក្នុងពេលបើកបរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 April, 2020 ក+ ក-

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ឯកសារចាំបាច់បំផុតចំនួន២ ដែលត្រូវមានក្នុងពេលបើកបរ គឺត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួន និងយករថយន្ដទៅឆៀក ឲ្យបានទាន់ពេលចៀសវាងការផាកពិន័យ។

តាមរយៈ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «ឯកសារចាំបាច់បំផុត ដែលត្រូវមានក្នុងពេលបើកបរ។ ក្នុងពេលដែលសមត្ថកិច្ច កំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ ពិនិត្យរថយន្តរបស់ខ្លួនថា តើដល់ថ្ងៃឆៀក ហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀក ឲ្យបានទាន់ពេល ចៀសវាងការផាកពិន័យ ក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្ត របស់បងប្អូនក្នុងពេលបើកបរ មិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួន គ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាត បញ្ជាយានយន្តនៅលើដងផ្លូវ ដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ ដោយមិនបានបន្តឲ្យបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិ មានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។

សូមជម្រាបថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាមួយការផាកពិន័យខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដង បើធៀបនឹងការពិន័យចាស់៕