ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៧៥៨គ្រឿង នៅទូទាំងប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2020 ក+ ក-

ភ្នំពេញ ៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៧៥៨គ្រឿង ក្នុងនោះមានម៉ូតូ១,២៦៥គ្រឿង និងរថយន្ត៤៩៣គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បន្តថា សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

របាយការណ៍បញ្ជាក់ថា បើសរុបយានយន្តល្មើសទាំងរយៈពេល៥ថ្ងៃ (ថ្ងៃទី០១-០៥ ខែឧសភា) មានចំនួន ១១៥១១គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៧៥៦គ្រឿង និងរថយន្ត២៧៥២គ្រឿង៕