ក្រុមអ្នកស្ម័គ្រចិត្តចិនចុះបាញ់ថ្នាំសម្លាប់មេរោគទប់ស្កាត់ការឆ្លងកូវីដ១៩ រយៈពេលពីរថ្ងៃនៅខេត្តកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិនសហការជាមួយអាជ្ញាធរខេត្តកំពង់ចាមចុះបាញ់ថ្នាំសម្លាប់មេរោគទៅលើទីតាំងសំខាន់ៗ នៅទូទាំងខេត្តកំពង់ចាមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២០។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាមបានឲ្យដឹងថា ការចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺបានធ្វើឡើងនៅទីតាំងសំខាន់ៗ ចំនួន៥ទីតាំងក្នុងនោះរួមមាន ៖ ទីតាំងទី១ នៅវិហារឥស្លាម ស្ថិតក្នុងភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។ ទីតាំងទី២ វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងជម្ងឺកូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកជម្ងឺកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។ ទីតាំងទី៣ នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩។ទីតាំងទី៤ នៅចំណតរថយន្ត ផ្សារកំពង់ចាម និងទីតាំងទី៥ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩។  ក្នុង ការ បាញ់ ថ្នាំ សម្លាប់ មេរោគ នេះ ដែរ  ក្រុមអ្នកស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅលើផ្ទះ ឬបុគ្គលិក នៅតាមបន្ទប់ធ្វើការ ក្នុងកំឡុងពេលបាញ់ថ្នាំនោះឡើយ គឺត្រូវទុករយ:ពេលពី២០ទៅ ៣០នាទី ទើបអាចចូលផ្ទះ ឬធ្វើការងារ ធម្មតា វិញ បាន។ ក្រុមគ្រូពេទ្យចិនក៏បានបង្ហាត់បង្ហាញ និងបង្រៀនដល់ មន្ត្រី សុខាភិបាល  នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ឲ្យពួកគាត់ចេះបាញ់ថ្នាំ ខណ:ថ្នាំនេះមានកម្រិតខ្ពស់ ដោយបាញ់ថ្នាំក្នុងបន្ទប់ ចំហាយវាអាចទៅសម្លាប់មេរោគបានដោយងាយផងដែរ។

ជាមួយ គ្នានោះ  លោក ហាន កុសល អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានទទួលស្វាគមន៌យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ  ចំពោះរដ្ឋាភិបាល និងប្រជាជនចិន, ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ថ្នាំសម្លាប់មេរោគ ដើម្បី ចូលរួម បង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួន១៨នាក់ បន្ទាប់ពីបានចុះបេសកម្មបាញ់ថ្នាំក្នុងខេត្តកំពង់ធំ រួចចុះបាញ់ថ្នាំនៅខេត្ត កំពង់ចាមនេះ ហើយនឹងបន្តដំណើរទៅបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅខេត្តត្បូងឃ្មុំផងដែរ៕ ដោយ ៖ ប៉ែន សុផល