អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយនិងទទួលអំណោយឈាមនៅស្រុកព្រៃឈរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ លោក ស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា បងប្អូនដែលបានចូលរួមផ្ដល់ឈាម គឺសុទ្ធតែជាវីរៈជន ដែល មាន វីរៈភាពស្នេហាជីវិតមនុស្ស និងសង្គមជាតិ ដោយបងប្អូនកំពុងរួមគ្នាធ្វើបុណ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស។

ការ ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសចូលរួមបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ក្រោមប្រធានបទ ៖ «ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រឡាញ់» ដែលបានរៀបចំឡើងនៅសាលាស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោម វត្តមានលោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្មអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ។

នាឱកាសនោះដែរ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកជំលោក តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះលោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ដែលបានជួយគាំទ្រក្នុង យុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម ដែល ជាទឹកចិត្តមនុស្សធម៌ ផ្ដល់សេចក្ដីស្រឡាញ់តាមរយៈដំណក់ឈាមនៃក្ដីសង្ឃឹម ជាពិសេស បាននឹងកំពុងបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងករណីសង្គ្រោះបន្ទាន់ និងជួយដល់អ្នកជំងឺដែលកំពុងខ្វះឈាម និងអ្នកជួបគ្រោះថ្នាក់ផ្សេងៗ ។

ដូច្នេះការបរិច្ចាកឈាម ដើម្បី សង្គ្រោះជីវិតមនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះថា ការបរិច្ចាកឈាម គឺដើម្បី បញ្ឈប់បញ្ហាកង្វះឈាម ឬនិន្នាការ នៃការជួញដូរឈាម ដោយខុសច្បាប់ ខណៈដែលតម្រូវការឈាម មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់ប្រមាណពី ១៥% ទៅ ២០% នោះ ។

បើតាមឲ្យដឹង ពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បញ្ជាក់ថា ការប្រារព្ធពិធីផ្ដល់ឈាម នាពេលនេះ ដើម្បី ៖ ១.បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បី ធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺ ដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង និងមប្រកាន់ជាតិសាសន៍ ឬសាសនា ។ និង២.ផ្សាភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ទៅនឹងសកម្មមនុស្សធម៌ ក្នុងសង្គម ។

គូសបញ្ជាក់ដែរថា ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម នេះដែរ គេសង្កេតឃើញថា មានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម សរុបប្រមាណជា ៣២នាក់ និងទទួលបានឈាមចំនួន ៣២ប្លោក ផងដែរ ៕ ដោយប៉ែន សុផល