ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបអំពើជួញមនុស្ស អាជីវកម្មផ្លូវភេទ១៦៩ករណី និងឃាត់ខ្លួនជនសង្ស័យ២២៩នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2020 ក+ ក-

ភ្នំពេញ ៖ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន១៦៩ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៩ បង្ហាញក្នុងកិច្ច ប្រជុំនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

របាយការណ៍បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាន នគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង ២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់(ស្រី៧២នាក់)។

ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជន បរទេស ចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាមេរិក៤នាក់ និងឥណ្ឌា១នាក់។

របារការណ៍ដដែល រៀបរាប់ថា សមត្ថកិច្ចបានធ្វើការ សង្គ្រោះជនរងគ្រោះបាន ចំនួន៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញជនរងគ្រោះ បានចំនួន២៩១ករណី៕