ទៀតហើយ ! ពលករខ្មែរ៥៤នាក់ត្រូវថៃចាប់ខ្លួនពេលលូចឆ្លងដែនតាមមេខ្យល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2020 ក+ ក-

ប៉ោយប៉ែត ៖ សមត្ថកិច្ចចម្រុះរបស់ថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនូន ៥៤នាក់ដែលនៅតែចាញ់បោកមេខ្យល់លួចនាំឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់នៅបន្ទាត់ព្រំដែនស្រុក តាព្រះយ៉ា ខេត្តស្រះកែវ យកតម្លៃក្នុងម្នាក់ ៣.០០០បាត ។
យោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃ (สระแก้ว-77 เดด) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អ្នកសារព័ត៌មានរាយការណ៍ថា កម្លាំងក្រុមប្រតិបត្តិការងារព័ត៍មានចំនួន៥នាក់ រួមជាមួយសមត្ថកិច្ចស្រុក តាព្រះយ៉ា កងទាហាន ,កម្លាំងតម្រួតការពារព្រំដែនទី១, នគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ,តម្រួតទេសចរណ៍ខេត្តស្រះកែវ ទាហានប៉ារ៉ា និងអាជ្ញាធរស្រុកតាព្រះយ៉ា បានសហការគ្នាចាប់ខ្លួនពលរដ្ឋខ្មែរសរុបទាំងអស់ ៥៤នាក់ ក្នុងនោះប្រុស ៣៣នាក់ ស្រី២១នាក់ ខណៈកំពុងលួចឆ្លងចូលទៅប្រទេសថៃ។
សារព័ត៌មានខាងលើរាយការណ៍ថា សមត្ថកិច្ចឈុតខ្មៅចាប់ខ្លួនបានដាក់បទចោទលើបុរសឈ្មោះ ឡា ពឿន អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ រួមទាំងបក្ខពួកចំនួន ៥៣នាក់ទៀត សរុបទាំងអស់ ៥៤នាក់ ដោយចោទពីបទ”ជាបុគ្គលអន្តោប្រវេសន៍(សញ្ជាតិខ្មែរ)ធ្វើដំណើរចូលមក នឹងស្នាក់នៅព្រះរាណាចក្រថៃ ដោយមិនបានទទួលការអនុញ្ញាត “តាមច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៧៩ របស់ថៃ។ ក្រោយពីការសួរចម្លើយ ពលរដ្ឋខ្មែរទាំងនោះបានបញ្ជាក់ថា ពួកគេត្រូវការធ្វើដំណើរចូលមកធ្វើការនៅប្រទេសថៃ ព្រោះខាងកម្ពុជា មិនមានការងារឲ្យធ្វើ តែដោយសារមានការបិទព្រំដែន ព្រោះស្ថានការណ៍ខូវីត-19 ទើបជ្រើសយកវិធីលួចឆ្លងដែនចូលមកប្រទេសថៃ តាមរយៈមេខ្យល់នាំមកព្រំដែន ចំណាយថ្លៃឈ្នួលឲ្យមេខ្យល់ក្នុងម្នាក់ប្រមាណ៣.០០០បាត។
យ៉ាងណាក៏ដោយ សម្រាប់បរិវេណចំណុចដែលពលរដ្ឋខ្មែរជាច្រើនលួចឆ្លងដែនចូលប្រទេសថៃ ទើបសមត្ថកិច្ចអាចចាប់ខ្លួនបាន នៅបរិវេណអូរ ក្រោយភូមិបាងឡាង ឃុំតាព្រះយ៉ា ស្រុក តាព្រះយ៉ា ខេត្តស្រះកែវ ក្រោយពីសមត្ថកិច្ចឈុតខ្មៅចាប់ខ្លួន បានធ្វើការចោទប្រកាន់ឲ្យអ្នកដែលត្រូវចាប់ខ្លួនទាំងអស់ជ្រាបហើយ ក៏បានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុស្រុកតាព្រះយ៉ា អនុវត្តតាមនីតិវិធី៕