UNDP សន្យាបន្តជួយកៀរគរធនធានបន្ថែមទៀតជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2020 ក+ ក-

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Nick Beresford អ្នកតំណាង UNDP ប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងគម្រោងបោសសំអាតមីនដើម្បីលទ្ធផល។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានអាជ្ញាធរមីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UNDP ក្នុងភាពជាដៃគូក្នុងវិស័យសកម្មភាពមីនឱ្យទទួលបាននូវភាពជោគជ័យនាពេលកន្លងមក។ លោកក៏បានស្នើសុំឲ្យ UNDP បន្តជួយកៀរគរថវិកាបន្ថែមជួយដល់វិស័យបោសសម្អាតមីន ដើម្បីកម្ពុជាសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ខាងមុខ។

លោក Nick Beresford បានមានប្រសាសន៍ថា UNDP ចាត់ទុកសកម្មភាពមីនជាវិស័យអាទិភាព និង បានសំដែងសុឆន្ទៈបន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យមីនច្បាស់លាស់ ហើយលោកបានសន្យានឹងបន្តជួយកៀរគរធនធានបន្ថែមទៀតសម្រាប់ការបោសសម្អាតមីនដើម្បីផ្តល់ដីសុវត្ថិភាពជូនដល់ពលរដ្ឋក្រីក្រ និងកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋកម្ពុជាផងដែរ៕