(ខេត្តពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍ឃុំថ្មដា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការខេត្តពោធិ៍សាត់ បាន បង្ក្រាបករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ ជនជាតិចិន ពីខេត្តព្រះសីហនុ ដល់ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានជនសង្ស័យ៣នាក។
ប្រតិបត្តិការនេះ ធ្វើឡើងនាវេលាម៉ោង ១៣ និង៣៤នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ LIU YANG JIAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ធ្វើការនៅខេត្តព្រះសីហនុ។
ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ មានឈ្មោះ៖ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា។ ឈ្មោះ SUN HOU ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា និងឈ្មោះ FAN DING HING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។
ចំពោះជនសង្ស័យម្នាក់ឈ្មោះ FAN DING HING បានបើកបរ រថយន្តម៉ាក LEXUS LM 350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CA-7658 គេចខ្លួន ពីចំណុចរង្វង់មូលភ្លុកដំរី រហូតដល់បរិវេណក្រុមហ៊ុន MDS ហេងហ៊ីគ្រុប ថ្មដា ក៏បានរត់គេចឡើងលើអគារទុកចោលមួយកន្លែង បណ្តាលឲ្យបាក់ក ជើងខាងឆ្វេង។
បច្ចុប្បន្នជន ជនសង្ស័យទាំង៣នាក់ និងជនរងគ្រោះ១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
https://youtu.be/5DVkHxtzGTE