ភ្នំពេញ- រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់បះជើងខណៈបើកលឿនចុះពីលើស្ពាន សំណាងណាស់មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀតឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក. ថ្ងៃទី១០. ខែកុម្ភះ ឆ្នាំ២០២៥. ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧. សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7460 បើកបរដោយបុរសម្នាក់រួមនិងអ្នកជំនួយម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតក្រឡាប់លាន់ឮដូចរន្ទះ។ មួយសន្ទុះក្រោយមកគេឃើញអ្នកបើកបរនិងអ្នកជំនួយលូនចេញពីក្នុងរថយន្តដោយមានរបួសបែកក្បាលនិងរលាត់ជើង ហើយនាំគ្នាដើរចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តចោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរ
បាលខណ្ឌមានជ័យនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកជួយសម្រួលចរាចរណ៍នៅទីតាំងកើតហេតុនិងទាក់ទងទៅខាងថៅកែរថយន្តឲ្យយករថយន្តស្ទូចមកស្ទូចយករថយន្តចេញដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕