ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវវាងក្រុងកំពង់ឆ្នាំង
(ខេត្តកំពង់ឆ្នាំង)៖សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខក្មេងទំនើងចំនួន១០ នាក់ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវវាងក្រុង ហើយត្រូវបានបណ្ដាញសង្គមថតបង្ហោះជាសាធារណៈ ដោយទាមទារឲ្យនាំក្មេងទាំងនោះមកធ្វើការអប់រំ។
ថ្មីៗនេះ មានផេកមួយឈ្មោះ Munកំប្លែង បានបង្ហោះខ្លឹមសារនិងរូបភាពវីដេអូ ស្តីពីសកម្មភាពក្មេងមួយក្រុមបង្ហោះម៉ូតូ អមដោយខ្លឹមសារថា : (ខំបន្តិចទៀតអាអូនទំពាំងស្អុយនៅខាងខេត្តកំពង់ឆ្នាំងបងប្អូន ឥលូវបន្តិចទៀតបានវាស់កម្ពស់ហើយ ។លេងបង្ហោះម៉ូតូនៅលើផ្លូវជាតិបងប្អូនអើយនៅខាងខេត្តកំពង់ឆ្នាំង
មន្ត្រីប៉ូលិសបើឃើញហើយចុះទៅបង្ក្រាបផងបងប្អូនអើយមើលៗ ផងឲ្យសុទ្ធតែទំពាំងស្អុយទេនេះ នៅស្រុកខ្មែរយើងមានច្រើនណាស់) ។
ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង លោក ប៉ុល វុទ្ធី បានបញ្ជាក់ថា ក្រោយឃើញការបង្ហោះក្នុងបណ្តាញសង្គមបែបនេះ លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចេញបទបញ្ជាឱ្យស្រាវជ្រាវ រហូតដល់ថ្ងៃទី១១និង ១២ខែកុម្ភៈ ទើបសម្រេចឃាត់ខ្លួនបានចំនួន១០នាក់ និងម៉ូតូចំនួន៩គ្រឿង។ ក្រោយធ្វើការសាកសួរពួកគេបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥វេលាម៉ោង៥និង៣០នាទី រសៀល នៅចំណុចផ្លូវកោងវាងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពួកគេបានដាក់ម៉ូតូតំរៀបគ្នាលើផ្លូវជាតិលេខ៥ ក្នុងគន្លងផ្លូវម៉ូតូ ដើម្បីថតរូបនិងថតជាវីដេអូ ។ នៅពេលនោះស្រាប់តែពួកគេ២នាក់ ក្នុងចំណោមជាង១០នាក បានជិះម៉ូតូបង្ហោះ ពិតប្រាកដមែនគឺឈ្មោះ ថូ សាវី និង ឈ្មោះ រះ ។
ក្មេងទាំង១០នាក់ដែលត្រូវបានឃាត់ខ្លួនមានអាយុចាប់ពី១៦ទៅ១៨ឆ្នាំរួមមាន៖ ឈ្មោះ ផយ សុបញ្ញា (ហៅតេត) វិន សុធារ៉ា លាង សៅឡេង ទិត្យ សុណាន់ជី ពួកគេ៤នាក់នេះរស់នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ។ ឈ្មោះ អោក បូរិន,លឿម សុឈុន,អ៊ុល វណ្ណារ៉ា,ឆុង សៅលីម៉េង ពួកគេទាំង៤នាក់នេះ រស់នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ ឈ្មោះ ទូច ប៊ុនហូ និងថូ សាវី រស់នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។
លោក ស្នងការរង បានបន្តថា៖ ក្រោយធ្វើការអប់រំ ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និង នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៅចំពោះមុខ ឪពុកម្តាយនិង អាណាព្យាបាល ក្រុមកេ្មងទាំងនោះ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាព ហើយបានអនុញ្ញាត្តិ ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយរក្សាទុកតែម៉ូតូចំនួន២គ្រឿង ដែលធ្វើសកម្មភាពបង្ហោះ នៅអធិការដ្ឋាននគរបាលស្រុករលា ប្អៀរ រយៈពេល៣ ខែ ៕ ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/iULpFCHkHzs