(រាជធានីភ្នំពេញ)៖អ្នកបើករថយន្ដសណ្ដោង ទូរកុងតឺន័រមួយគ្រឿងងោកមួយភាំងបណ្ដាលឲ្យរេចង្កូតឡើងសួនច្បារពុះចែកផ្លូវបុករលើងដើមចាន់គីរីដ៏ធំបាក់សង្កត់កៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងទ្រេតមួយដើម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូង គេឃើញមានរថយន្ដអូសទូរសណ្ដោងកុងតឺន័រ មួយគ្រឿងក្បាលពណ៌សបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពរេចុះរេឡើង។រថយន្ដអូសទូរសណ្ដោងកុងតឺន័រធ្វើដំណើរតាមបណ្ដោយ មហាវីថីឈ្នះ ឈ្នះ ទិសដៅពីលិចមកកើតក្នុងឈ្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅឆ្វេងឡើងសួនច្បារពុះចែកផ្លូវទៅបុកដើមឈើចាន់គីរីដ៏ធំមួយដើមរលើងគល់បាក់សង្កត់ចំក្បាលរថយន្ដកុងតឺន័រកៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម។ ភ្លាមៗនោះពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញ ក៏បានគាស់ទ្វាររថយន្ដជួយយកអ្នកបើកបរចេញពីរថយន្ដដើម្បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្ដនេះ ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ចុច Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kqyQJlzReUc