ឆេះតូបលក់អីវ៉ាន់ចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2025 ក+ ក-

​ អគ្គីភ័យបានឆាបឆេះតូបលក់ដូរចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម  ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីបានទទួលព័ត៌មានពីករណីអគ្គីភ័យឆាបឆេះ តូបលក់ដូរក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត  ដែលមានម្ចាស់តូបឈ្មោះ
គឹម ហឿន ភេទស្រី អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ ។ ភ្លាមៗនោះកម្លាំងអធិការក្រុងប៉ោយប៉ែតបាននាំយករថយន្តពន្លត់អគ្គីភ័យ រួមសហការជាមួយ កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃគប់ ក្រុម
សង្គ្រោះបឋមក្រុងប៉ោយប៉ែត កម្លាំងប្រជាការពារភូមិព្រៃគប់ រថយន្តពន្លត់អគ្គីភ័យស្តាហ្គោល និងប្រជាពលរដ្ឋ បានចុះមកជួយពន្លត់អគ្គីភ័យនេះ ។

លោកអធិការបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ គេបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ស្តាហ្គោល ១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ។រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមសង្រ្គោះ ១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។អគ្គីភ័យបានរលត់ទាំងស្រុងនៅម៉ោង ១១យប់ ។ចំពោះមូលហេតុបង្កឲ្យមាន អគ្គីភ័យនេះឡើងគឺបណ្ដាលមកពីការផ្ទុះកំប៉ុងហ្គាស។

អគ្គីភ័យនេះបានបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងតូបលក់ដូរចំនួន២តូប ឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះដល់សាលារៀននិងមានអ្នករងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
https://youtu.be/hGINzThc1I8