ធ្យូង​រាប់ម៉ឺន​កា​រ៉ុង​ក្នុង​១​ថ្ងៃៗ ត្រូវបាន​លួច​បញ្ជូន​ឆ្លងដែន​ទៅ​ថៃ តាម​ច្រករបៀង​ប្រាសាទ​ត្បែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ធ្យូង​រាប់ម៉ឺន​កា​រ៉ុង ដែល​ក្រុម​ឈ្មួញ​ដឹក​ពី​តាម​បណ្ដា​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ មានជ័យ និង​ខេត្ត​មួយចំនួនទៀត​តាម​បន្ទាត់​ព្រំដែន កំពុង​សំរុក​បញ្ជូន​ឆ្លងដែន​ចូល ទៅ​ទឹកដី​ថៃ តាម ច្រករបៀង​ប្រាសាទ ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​តាម​សេចក្ដី​រាយ​ការ​បាន​ឲ្យ​ដឹងថា ធ្យូង​ដែល​ក្រុម​ឈ្មួញ​នាំ​ចូលទៅ​ច្រករបៀង​ខាងលើ​នោះ ក្រុម ឈ្មួញ​បាន​បង់ប្រាក់​ឧ្យ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ បារាំង ជា​យោធា​ក្នុង​វរៈ​(១)​និង​លោក រាជ្យ ប៊ុណ្ណា នាយ​ប៉ុស្ដិ៍នគរបាល ការពារ​ព្រំដែន គោក​៨០៧ ប្រាសាទ​ត្បែង ក្នុង​១​កា​រ៉ុង​ធ្យូង​ថ្លៃ​១៥០០​រៀល ជា ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចេញទៅ​លក់​នៅក្នុង​ទឹកដី​ថៃ​។​

​ប្រជាពលរដ្ឋ បាន​សរសរ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក ថាៈ ធ្យូង​ដែល​គេ​នាំចេញ​តាម​ច្រក របៀង ខាង លើ មាន​ប្រមាណ​90% នាំ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មួយចំនួន​តូច​ជា​របស់​អ្នកស្រុក​ដែល រស់នៅ តាម​ភូមិ​ជាប់​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​។

​ជុំវិញ​ករណីនេះ ក៏មាន​ការ​រិៈ​គន់​ពី​អ្នកស្រុក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោ​យស​សេ​រថា​”​អស់ ហើយ ព្រៃឈើ​បើ​ធ្យូង​មួយថ្ងៃៗ​រាប់ម៉ឺន​កា​រ៉ុង​ត្រូវគេ​ផលិត​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​”​។ ប្រភពពី​អ្នក រក ស៊ី​ទិញ​លក់​ធ្យូង បាន ប្រាប់ថា ធ្យូង​ទាំងនេះ គេ​ដឹក​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេល​យប់​តាម​រថយន្ត ធំៗ​។​

​សូមបញ្ជាក់ថា នៅពេលដែល​អ្នកយកព័ត៌មាន បាន​ចុះ​ទៅដល់​ចំណុច​ច្រក​នាំចេញ​ដែល​គេ ចោទថា ខុសច្បាប់ តែ​ត្រូវ​លោក​មេ​ប៉ុស្តិ៍​យោធា​ប្រចាំការ​នៅ​ទីនោះ បាន​ព្យាយាម​រារាំង​ស្នើសុំ​ក្រុម អ្នក កាសែត​មិន​ឲ្យ​ថតរូប និង​ស្នើ​មិន​ឲ្យ​ចុះផ្សាយ​ថែមទៀត​ផង​។​ចំណែក លោក រាជ្យ​ប៊ុណ្ណា មេ​ប៉ុស្តិ៍ ប្រាសាទ​ត្បែង នគរបាល​ការពារ​ព្រំដែន​គោក លេខ​807 មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ ដោយសារ​ចុច​ទូរស័ព្ទ​មិន​ចូល​ជា​ច្រើនដង​។
​ប្រភព​ដាច់ដោយឡែក​មួយទៀត​ប្រាប់ថា នៅក្នុង​ភូមិ​ថ្ម​ឆ័​ត្រ ឃុំ​គោក​រមៀត​ក៏មាន​ទីតាំង​ដ៏​ធំ​មួយ បាន​លាក់ទុក​ធ្យូង​រាប់ពាន់​កា​រ៉ុង​ផងដែរ​ដើម្បី​ត្រៀម​ដឹកចេញទៅ​លក់​លើទឹក​ដី​ថៃ រៀងរាល់​វេលាយប់​។

​ប្រជាពលរដ្ឋ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ថា បើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ពិសេស​សមត្ថកិច្ច តាម បន្ទាត់​ព្រំដែន​មិន​រួមគ្នា​ទប់ស្កាត់​លំហូរ​ចេញ​ធ្យូង​ពី​កម្ពុជា​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​នេះ​ទេ អនាគត​ព្រៃឈើ នៅ​កម្ពុជា នឹងត្រូវ​រលាយ​ហិនហោច​ដោយ​ក្រុម​ឈ្មួញ​អស់​ជា​មិនខានឡើយ​៕​