ព្រះសីហនុ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសំលឹងមើលការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ក្នុងតំបន់ប៉ែកឥសាន្ត រួមនិងគម្រោងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត នៅក្នុងស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ៖៖ លោក វ៉ាន់ ១មករា រាយការណ៌លំអិតព័ត៌មាននេះ …. (រូបMC បើកក្បាល នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ខណៈដែលនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ រួចមកហើយដែលស្ថិតនៅក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ប៉ូលសេដ្ឋកិច្ចទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាជាតំបន់សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារតំបន់ប៉ូលទាំង៣នេះ មានសក្តានុពលពិសេសផ្សេងៗពីគ្នា ដូចជាលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៌ វិស័យដឹកជញ្ជូនផ្លូវទឹកជាដើម។ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី៣ ខែមីនា កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតនៅតំបន់ប៉ែកឥសាន្ត គឺរួមមានខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារ ដោយសារខេត្តទាំងនោះ មានសក្តានុពលលើវិស័យកសិឧស្សាហកម្ម ដូចជាកៅស៊ូ និងដំណាំផ្សេងៗទៀតជាច្រើន។ ទន្ទឺមនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បង្ហើបពីគម្រោងសាងសង់ កំពង់ផែទឹកជ្រៅថ្មីមួយទៀត នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន ខណៈដែលបច្ចុប្បន្ន ខេត្តនេះកំពុងពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិមួយរួចទៅហើយ ដែលនឹងអាចអោយនាវាដឹកទំនិញធំៗ ចូលចត ដល់កំពង់ផែនេះ ផ្ទាល់តែម្តង។
ដូចនេះ នឹងធ្ចើអោយតម្លៃដឹកជញ្ជូនត្រូវបានកាត់បន្ថយសម្រាប់ការផ្លាស់ប្តូរទំនិញរវាងបរទេស និង កម្ពុជា ៖ (សម្លេងដើមសម្តេច នាទី១៩…គម្រោងសាងសង់កំពង់ផែស្ទឹងហាវ និងខេត្តកំពត…) តាមការបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានអោយដឹងថា ទំនិញសំខាន់ៗដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៧០ភាគរយ គឺត្រូវដឹកជញ្ជូនតាមកំពង់ផែក្រុងព្រះសីហនុ។ ដូចនេះ នៅពេលកម្ពុជាមានកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិបន្ថែមទៀតនឹងរឹតតែធ្វើអោយ វិស័យពាណិជ្ជកម្មរបស់កម្ពុជា កាន់តែមានសមត្ថភាពខ្លាំង។ គួបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានចាត់ទុកថា ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដែឡកំពុងទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ គិតត្រឹមឆ្នាំ២០១៨នេះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសមួយដែលកំពុងដំណើរការ និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង២ម៉ឺននាក់។
តាមគម្រោងដែលប្រកាសនាពេលថ្មីៗនេះ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ដែលមានតម្លៃជាង១៦ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្តើមដំណើរការសាងសង់ នាឆ្នាំ២០១៩ខាងមុខ ក្នុងស្រុកស្ទឹងហាវ។ ចំពោះគម្រោងអភិវឌ្ឍន៌ទាំងនេះ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ យល់ឃើញថា ជារឿងល្អ ដែលនឹងអាចបង្កើតការងារក្នុងស្រុកបានច្រើន ជាជាងការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ៕