ចាប់ខ្លួន​ជន​ទី​៣ ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​លោក ស៊ុយ សារ៉េត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

​ភ្នំពេញ​ ៖ បុរស​ខ្មែរ​អ៊ិ​ស្លាម​វ័យ​ជាង​៣០​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​តាម​ចាប់ខ្លួនបាន​នៅ​ស្រុក​កំពង់ថ្ម ខេត្តកំពង់ធំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ​។​

​សូមជម្រាបថា ជនសង្ស័យ​ទី​៣ នេះ ឈ្មោះ អាន ផល្លី អាយុ​៣១​ឆ្នាំមាន​លំនៅដ្ឋាន​នៅ សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​ឃាត់ខ្លួន នៅ​ខេត្តកំពង់ធំ​បន្ទាប់​ជនសង្ស័យ​២​នាក់ ផ្សេង ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅពេល​មុននេះ​រយៈពេល​២​ថ្ងៃ រួមមាន​៖​ទី​១ ឈ្មោះ យា​ត ទិ​ត្យា អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទី​៧ ភូមិ​ទួលគោក សង្កាត់ ទួល សង្កែ ២ ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​២ ឈ្មោះ អាន វិ​នទី អាយុ​២១​ឆ្នាំ មុខរបរ​ជាងមាស រស់នៅ​ផ្ទះ ១០០៥ ផ្លូវ​១៩៤ ក្រុម​៤០ ភូមិ​៩ សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក​។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ចាប់ ខ្លួន​នៅ​ម្តុំ​ឈូក​ទិ​ព្ទ ខណ្ឌទួលគោក ហើយ​នៅពេលនេះ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​បន្តទៀត ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ប្រាប់ថា «​ឥឡូវនេះ​យើង​បានកំណត់​មុខសញ្ញា បាន​សាវតា​ជាតិ​គ្រប់គ្រាន់​ចំនួន​៤​នាក់​ហើយ ដែលជា​ជនដៃដល់​ខ្លាំង​បំផុត ប៉ុន្ដែ​ពួកគេ បាន​រត់ចោលស្រុក​អស់ហើយ (​គេច​ចេញពីផ្ទះ​) ដោយ​តែ​បណ្ដាញ​សង្គម​របស់​យើង បាន​ផ្សព្វផ្សាយ​ទាំង​រូបភាព និង​វីដេអូ​ពេញ​ទឹក​ពេញ​ដី ជាពិសេស តាំងពី​ថ្ងៃ​ខ្ញុំ​ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់ គឺ​ពួកគេ​បានដឹងខ្លួន ហើយ​រត់គេច​តាំង ពីថ្ងៃ​នោះមក​។ ជាមួយគ្នានេះ ខ្ញុំ​បាននិងកំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​ចាប់ខ្លួន​ឲ្យ​ទាល់តែ​បាន​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក​បណ្ឌិត​សាស្ដ្រាចារ្យ ស៊ុយ សារ៉េត ដែលជា​គ្រូបង្រៀន នៅ​សាកលវិទ្យាល័យ​កម្ពុជា ត្រូវបាន​មនុស្ស​មួយក្រុម ខ្លះ​ប្រដាប់​ដោយ​ដុំថ្ម​ធំៗ ឈើ ព្រួត​វាយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បំផ្លាញ​រថយន្ដ​ខូចខាត​យ៉ាងខ្លាំង ព្រោះតែ​ខឹង​លោក​បើក​រថយន្ដបុក​រះ​នៅតាម​ផ្លូវ​៕