រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធា អាវុធហត្ថ ឲ្យ​ឡើងដល់ ជាង​១​លាន​រៀល​ក្នុង​ម្នាក់ៗ ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​នេះ​តទៅ​។​

​គ្រូៗ​មួយចំនួន អះអាងថា ក្រោយពី​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ បានធ្វើ​ឲ្យ គុណភាព​នៃ​ការបង្រៀន​សិស្ស​កើនឡើង ខណៈ​ប្រាកខែ​គ្រូៗ ត្រូវបាន​តម្លើង​ជា​លំដាប់​។​

​មន្ត្រី​មន្ទីរអប់រំ​ខេត្តក្រចេះ លោក ស៊ឹង ឡេង មានប្រសាសន៍ថា មុន​កំណែទម្រង់​ស៊ីជម្រៅ​
​ក្នុង​វិស័យ​អប់រំ គ្រូ​ម្នាក់ៗ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​ផ្ទាល់​ខ្លូន​បានទេ ដោយសារតែ​ប្រាក់ខែ​ទាប មិន​សមាមាត្រ​នឹង ការចំណាយ​លើ​តម្លៃ​ម្ហូបអាហារ និង​ការធ្វើដំណើរ​។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ចុង ក្រោយនេះ រាជរដ្ឋាភិបាល បានគិត​គូ​ពី​ជីវភាព​របស់​មន្ត្រីរាជកា​រ ឲ្យ​រស់នៅ​សមរម្យ​។ ពិសេស​បាន​តម្លើង​ប្រាក់ខែ​គ្រូ​ទ្វេ​រដង បានធ្វើ​ឲ្យ​គ្រូ​ប្តូរ​ពី​ការយក​ម៉ោង​បង្រៀន​ទៅរក​ស៊ី​ក្រៅ​
​ពី​លក់​នំ​ក្នុង​ថ្នាក់ ពី​ឲ្យ​សិស្ស​រៀន​Cour ពី​លក់​ឯកសារ​ក្នុង​ម៉ោង​សិក្សា​ជាដើម មក​ពង្រឹង​ខ្លួន ដោយ​គោរព​ម៉ោង​ការងារ​ផង និង​ពង្រឹងគុណភាព លើ​ការបង្រៀន​ផង​។​

​ចំណែក​ប្រធានការិយាល័យ អប់រំ​ក្រៅ​ប្រព័ន្ធ របស់​មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្ត​ត្បូងឃ្មុំ
​លោក ហាប តុង​ហូរ អះអាងថា ក្រោយពី​រូបគាត់ ទទួលបាន​ប្រាក់ខែ​កាន់តែ​ខ្ពស់​រាល់​ឆ្នាំ គាត់​បាន​ពង្រឹងសមត្ថភាព​បង្រៀន ដោយ​ខំ​សិក្សា​ស្រាវជ្រាវ រក​អ្វីដែល​ថ្មី ប្លែក ហើយ​តម្រូវ​
​តាម​ស្តង់ដារ​អប់រំ យកមក​ត្រៀម​បង្រៀន​សិស្ស​។ លោក​អះអាងថា គ្រូ​ជាច្រើន លែង អវត្តមាន​ក្នុង​ម៉ោង​បង្រៀន​ដូច​មុន ហើយ​គោរព​ម៉ោង​ការងារ ជាពិសេស មិន​លក់​ឯកសារ ឲ្យ​សិស្ស​ដូច​មុន​ច្រើន​ទេ​។​

​ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​បាន​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ពី​គ្រប់​ថ្នាក់​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​នេះ​ប្រាក់ខែ​ដែល​មន្ត្រីរាជការ បាន​តម្លើង​មាន​២​លើក​។ លើក​ទី ១ នៅ ដើមខែ​មករា ទទួលបាន​១២% នៃ​ប្រាក់ខែ​មូលដ្ឋាន​។ ក្នុង​ខែមេសា ឆ្នាំ​២០១៨​នេះ ជាការ តម្លើង​លើក​ទី​២ លើ​ប្រាក់​បំណាច់​មុខងារ​។ ចាប់ពី​ខែមេសា ឆ្នាំ​២០១៨​នេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ នឹង​ទទួលបាន​ប្រាក់ខែ ទាប​បំផុត
​ជាង​១​លាន​រៀល ក្នុង​ម្នាក់ៗ​៕​