ភ្នំពេញ ៖ ល្បែងស៊ីសង ភ្នាល់បាល់ និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត ដែលLiveចេញពីកាសុីណូ នៅជ្រកក្រោមស្លាក អុីនធើណេត24ម៉ោង លើស24ម៉ោង ជាច្រើនកន្លែងនៅតាមបណ្តោយផ្លូវមុនីរ៉េត ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ ដល់ចាក់់អង្រែក្រោម និងមានទីតាំងជាច្រើនទៀតក្នុងមូលដ្ឋាន មិនក្រោមពី១០០កន្លែងនោះទេ បានកំពុងតែបើកលេងយ៉ាងរលូន ពុំឃើញមានអាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបនោះឡើយ ។
កន្លងមកលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជា ឲ្យលោកអភិបាលខណ្ឌទាំងអស់ នឹងសមត្ថកិច្ចមូលដ្ឋាន ធ្វើយ៉ាងណា បង្ក្រាបល្បែងស៊ីសង ដែលកំពុងកើតមានសព្វថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ជាពិសេស គឺហាងអីុនធើណេត២៤ម៉ោង លើស ២៤ម៉ោង ដែលបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និងល្បែងស៊ីសងជាច្រើនប្រភេទទាំងនេះតែម្ដង ដែលដាច់ខាតមិនអនុញ្ញាតឲ្យកើតមានក្នុងមូលដ្ឋាន ។ តែផ្ទយទៅវិញ ការបញ្ជារបស់លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះថាល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាក អ៊ីនធើណេត បានកំពុងរីករាលដាលដូចផ្សិតក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ប្រភពពីមហាជនបានឲ្យដឹងថា ទីតាំងនេះមួយថ្ងៃៗ មានមនុស្សចេញចូលលេង ដូចគេមើលកុន ភាគច្រើន សុទ្ធតែក្មេងស្ទាវ សិស្សសាលា និងក្មេងក្រោមអាយុ១៤ -១៥ឆ្នាំ ដែលក្មេងកំពុងពេញវ័យសិក្សា ត្រូវបានល្បែងទាំងនោះ ពង្វក់ខួរក្បាលក្លាយទៅជាក្មេងដែលសង្គមស្អប់ស្ពើមទៅវិញ។
ហេតុនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះ បានលើកឡើងថា លោក ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជរាជធានីភ្នំពេញ នឹងលោក ជួន សុវណ្ណ ស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ គួរតែពិនិត្យឡើងវិញ ភាពអសកម្ម របស់មន្ត្រីទាំងនោះផង មិនគួររក្សាភាពស្ងៀមស្ងាត់តទៅទៀតទេ ព្រោះថា ល្បែងទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក ហើយមន្ត្រីថ្នាក់ក្រោម ទាំង ចៅសង្កាត់ និងចៅហ្វាយខណ្ឌ ព្រមទាំងលោកមេប៉ុស្ដិ៍ និងអធិការនីមួយៗ ពួកគេមើលមិនឃើញ ល្បែងស៊ីសងទាំងនេះទេ ទំនងជាទទួលបានផលប្រយោជន៍ ពីមេបនល្បែង ដូចការអួតអាងរបស់មេការខាងលើនេះហើយមើលទៅ បានជាគ្មានការបង្ក្រាបបែបនេះ៕