ស្នងការ​នគរបាល​ខេត្ត ​ត្រៀមចុះ​​ទប់ស្កាត់​បទល្មើស​ក្នុង​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​បន្ទាយមានជ័យ ៖ យោង​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សភាពការណ៍​បទល្មើស ព្រហ្ម ទណ្ឌ​ក្នុង​ខែមីនា ឆ្នាំ​២០១៨ នេះ កើតមាន​ចំនួន​៨​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ,​រងគ្រោះ ៦​នាក់ ខូ​ខ​ខាត​រថយន្ត ១​គ្រឿង​,​ម៉ូតូ​៣ គ្រឿង​។ ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន​៣​លើក បទល្មើស ម​ជ្ឍឹ​ម​មាន​ចំនួន​៥​លើក គឺ​មនុស្សឃាត​ដោយ​អ​ចេតនា​១​លើក អំពើ​លួច​១​លើក​,​អំពើ​ហិ​ង្ស​ដោយ ចេតនា​២​លើក និល​ការ​ឆបោក​ចំនួន​១​លើក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ​ប្រចាំ​ខែមីនា លើក​ទិសដៅ​ការងារ​ប្រចាំ ខែ មេសា ឆ្នាំ​២០១៨ នេះដែរ នៅ​ថ្ងៃទី​២៩​ខែមីនា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នង ការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានស្នើ​ឡើង ឱ្យមាន​ការបង្កើត គណៈកម្មាធិការ​ចម្រុះ មួយ​ដើម្បី ត្រួតពិនិត្យ​នៅ​ក្នង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ទប់ស្កាត់​ខ្លាចក្រែង​កើតមាន​ភាពមិនប្រក្រតី​អ្នក ទោស​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​ទំនាក់ទំនង​ចេញមក​ខាងក្រៅ​បញ្ជា​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ចេញពី​ក្នុង​ពន្ធនាគារ​។​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ពី​អតីតកាល​ធ្លាប់​កើតមាន​ករណី​អ្នកទោស ឬ​ទណ្ឌិត​ប្រើប្រាស់​ទូរស័ព្ទដៃ ហៅ​ចេញមក​ខាងក្រៅ បញ្ជា​ទិញ​គ្រឿងញៀន និង​ចាប់ជំរិត​ទារ ប្រា​ក់រួច មកហើយ​។

​ការលើកឡើង​ពី​សំណាក់​លោកស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ​ពាក់ព័ន្ធ និង​អ្នកទោស ឬ​ទណ្ឌិត​ប្រើប្រាស់​ទូរស័ព្ទ​នៅក្នុង​ពន្ធនាគារ ក្រោយ​មានប្រតិកម្ម​ពី​សំណាក់​ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន រកឃើញ​ពន្ធនាគារ​ព្រៃ​ស​នៅ​រាជធានី​ភ្នំពេញ​មាន​ភាពមិនប្រក្រតី​ឱ្យមាន​អ្នកទោស​រឺ​ទណ្ឌិត​ប្រើប្រាស់​ទូរស័ព្ទ​ទំនាក់ទំនង​ចេញមក​ខាងក្រៅ​បញ្ជា​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​នោះ​ផងដែរ​រ​។​

ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​បន្ថែមថា បញ្ហា នេះ ក្នុងការ​ទទួលខុសត្រូវ​កិច្ចការងារ​រក្សា​សន្តិសុខ សុវត្ថិភាព ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ មិនឱ្យ កើត មាន​អ្នកទោស​រឺ​ណ្ឌិ​ត​ប្រើប្រាស់​ទូរស័ព្ទ​នោះឡើយ​។​លោក​ក៏បាន​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ពន្ធនាគារ​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ពង្រឹង​នៃ​ការគ្រប់គ្រង ឱ្យ​បានល្អ​នៅក្នុង​ពន្ធនាគារ ពីព្រោះ​លោក​ពិនិត្យឃើញថា ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​អ្នក ទោស ឬ​ទណ្ឌិត​កំពុង​ជាប់ឃុំ​ឃាំង​រហូត​ជាង​១​ពាន់ ហើយ​៕​