តំបន់​ខ្លះ​ក្នុង​ខេត្ត​ប៉ៃលិន​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ជន់​លិច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2018 ក+ ក-

​ខេត្ត​ប៉ៃលិន​៖ បន្ទាប់ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន គេ​សង្កេតឃើញថា ប្រព័ន្ធ​ហេច​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន បាន​រង​ការ​ខូច​ខាត់​ជា​អន្លើរៗ ព្រមទាំង​ជន់​លិច បណ្តាល​ឲ្យ​ការដឹក​កសិផល របស់​បង​ប្អួ​ន​ប្រជាពលរដ្ឋ មាន​ភាពលំបាក​ខ្លាំង ពិសេស​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ តែម្តង ។ ការធ្លាក់​ភ្លៀង បង្ក​ជា​ទឹកជំនន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ហើយ​រហូតមកដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​នេះ ផ្ទៃមេឃ​នៅតែមាន​ភាព​អួរ​អប់ រលឹម​ជា​បណ្តើរៗ​ផងដែរ ។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច ដែល​ប្រចាំការ​ច្រកទ្វា​អន្តរជាតិ​ព្រំ កន្លែង​តំបន់​ដែល​រង​ជំនន់​ទឹកភ្លៀង បាន​ឲ្យ​ដឹងថា​៖ នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ គឺ​ភ្លៀង​បាន​ធ្លាក់​ចាប់ពី​ម៉ោង​៥ ថ្ងៃទី​២៨ ខែមេសា​នេះ ហើយ​បាន​បង្ក​ជា​ទឹកជំនន់​លិច​ផ្លូវជាតិ​លេខ​៥៧ ចាប់ពី​ប៉ា​រ៉ា​ស របស់​សមត្ថកិច្ច​ឈរជើង រហូតដល់​ស្ពាន​បា​ឡេ ឆ្លង​ព្រំដែន មាន​ប្រវែង​ជាង​២០០​ម៉ែត្រ បណ្តាល​ប្រជាពលរដ្ឋ និង​រថយន្ត​ដឹកទំនិញ​ជាច្រើន​គ្រឿង ពិបាកធ្វើ​ដំណើរ​ចេញ ចូលទៅ​ប្រទេស​ថៃ​ផងដែរ ។​ប្រភពព័ត៌មាន បាន​បន្តថា​៖ ការ​លិច​ផ្លូវជាតិ​ខាងលើនេះ គឺ​មិនយូរ​នោះទេ ប្រហែលជា​៤​ម៉ោង​ទឹក​ក៍បាន​ស្រក​ទឹក​វិញ អាច​ឲ្យ​អ្នកធ្វើដំណើរ និង​រថយន្ត​ដឹកទំនិញ​ចេញ ចូល បានជា​ធម្មតា​ឡើងវិញ ដោយ​ក្នុង​ហេតុ​ការ​នេះដែរ ក៍​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

​បើតាម​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ការធ្លាក់​ភ្លៀង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន គឺ​មិនសូវ​ជាច្រើន​ប៉ុន្មាន​ទេ ហើយ​ការដែល​ខេត្ត​យើង​ទទួល​ជំនន់​ទឹកភ្លៀង គឺ​ដោយសារតែ​ខេត្ត​ប៉ៃលិន នៅ​ជិត​ព្រំដែន​ប្រទេស​ថៃ ដូច្នោះ​វា​មាន​ជួរ​ភ្នំ​ជាច្រើន ហើយ​ភ្លៀង​បាន​ធ្លា​ក់នៅ​តំ​នប់​ជួរ​ភ្នំ​ទាំងនោះ បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ ចូលមក​ស្ទឹង​ប៉ៃលិន ស្ទឹង​កុយ ជាដើម បណ្តាល​ឲ្យ​មានការ​ជន់​លិច​លើផ្លូវ ពិសេស​គឺ​ក្បែរ​ច្រកទ្វា​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ តែម្តង ។

​លោក បាន​បន្តថា​៖​បញ្ហា​ទាំងនេះ​គឺ​មន្ត្រី របស់​មន្ទីរ បាននិងកំពុង​ចុះ​តាមដាន​មើល​អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះដែរ ហើយ​ប្រសិនជា​ប្រទេស​ថៃ នៅតែ​បន្ត​ភ្លៀង​ទៀត​នោះ ខេត្ត​ប៉ៃលិន​យើង នៅ​តំបន់​ខ្លះ ដូចជា​កោះ​កែវ ,​ស្រែ​អន្ទាក់ ក្នុងស្រុក​សាលា​ក្រៅ ពិតជា​ជន់​លិច​មិន​ខាន ជាមួយនិង​ការធ្លាក់​ភ្លៀង​កក់ខែ​នេះ បើតាម​ក្រសួង​ឧតុនិយម គឺមាន​រហូតដល់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៨ ដូច្នោះ​សូម​បង​ប្អួ​ន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ប៉ៃលិន មេត្តា​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​ខ្យល់ក​ន្ទា​ក់ ភ្លៀង ផ្ទ​ររ​ន្ទុះ​ផងដែរ ៕​