ខេត្តកណ្តាល ៖ លោក ហូរ សុខហេង តំណាងប្រជាពលរដ្ឋសហគមន៍ភូមិស្ទឹងជ្រៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រុមហ៊ុន ING របស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ បានរំលោភយកដីរបស់ប្រជាពលរដ្ឋសហគមន៍ ភូមិស្ទឹងជ្រៅ ជាង៧ហិកតា ស្មើនឹង៣៥០គ្រួសារ ស្ថិតនៅចំណុចបឹងជីភោ បច្ចុប្បន្ននៅខាងកើតជាប់មហាវិថី សម្ដេច ហ៊ុន សែន ៦០ម៉ែត្រដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលដាំព្រលឹត ត្រកួន កញ្ឆែត និងនេសាទត្រី នៅទីនោះជាលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨០មកម្ល៉េះ។
លោកបានបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រុមហ៊ុន ING របស់លោកឧកញ៉ា អ៊ុង ប៊ុនហូវ បានប្រមូលទិញដីពីប្រជាជនដែលកាន់កាប់ស្របច្បាប់នៅជិតដីមានទំនាស់នោះ បានមួយចំនួន បន្ទាប់មកក្រុមហ៊ុនបានបោះ ព្រំព័ទ្ធរំលោភយក ដីបឹងជីភោរបស់សហគមន៍ភូមិស្ទឹងជ្រៅ ដែលនៅសល់មិនទាន់លក់ទំហំ ៧៤ ១៥៣ម៉ែត្រការ៉េ ក្នុងអំឡុងឆ្នាំ២០១៥ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន បានហាមមិនឲ្យប្រជាពលរដ្ឋ ចូលទៅ នេសាទ ឬ ដាំបន្លែនៅលើដីនោះតទៅទៀតទេ។
តំណាងរូបនេះបញ្ជាក់ថា បន្ទាប់ពីមានការគម្រាមកំហែង និងរំលោភយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើ ក៏បាននាំគ្នាប្ដឹងតវ៉ាជាបន្តបន្ទាប់ចូលទៅសង្កាត់ ក្រុង និងខេត្តរហូតដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អស់រយៈពេលបីឆ្នាំកន្លងមកហើយ តែមិនទួលបានដំណោះស្រាយទាល់តែសោះបានត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋរាប់រយនាក់ មកពីភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បាននាំគ្នាមកលើកបដានៅខាងមុខសាលាខេត្ត កណ្ដាល ក្នុងគោលបំណងឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយ បញ្ហាទំនាស់ដីធ្លីខាងលើ ខណៈការតវ៉ាអស់រយៈពេលបីឆ្នាំមកហើយ តែគ្មានដំដោះស្រាយ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ មិនទាន់អាចស្វែងរកសុំការពន្យល់ពីលោកឧកញ៉ា អ៊ឹង ប៊ុនហូវ នាយកក្រុមហ៊ុន lNG ឬ តំណាងរបស់ក្រុមហ៊ុននេះបាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ៕