តម្លៃទំនិញកំពុងប្រែប្រួល ខណៈកម្ពុជារងសម្ពាធពីអាកាសធាតុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

ភ្នំពេញ ៖ ប្រទេសកម្ពុជា ទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ច ខណៈដើមរដូវវស្សាឆ្នាំ២០១៨ មានកត្តាគ្រោះមហន្តរាយបានកើតឡើង ដោយសារការបាក់ទំនប់នៅប្រទេសឡាវ ធ្វើឲ្យទឹកជំនន់ទន្លេមេគង្គ ឡើងដល់ការប្រកាសអាសន្ត បានប៉ះពាល់ដល់ផលកសិកម្មច្រើនខេត្ត ដែលនាំឲ្យតម្លៃស្បៀងបានប្រែប្រួលខ្លះៗ។

អាជីវករអ្នកលក់អង្ករនៅម្តុំរ៉ារថភ្លើង អះអាងថា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យទំនិញ
ប្រែប្រួលតម្លៃ។ការប្រែប្រួលតម្លៃនេះ កើតឡើងក្រោយពី ជំនន់ទឹកភ្លៀង និងការបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ បានធ្វើឲ្យទឹកទន្លេមេគង្គ ជន់លិចដីកសិកម្មច្រើនខេត្ត នៅក្នុងប្រទេស
កម្ពុជា ធ្វើឲ្យប៉ះពាល់ដំណាំកសិកម្ម។

លោកស្រី ទួន សុភា ម្ចាស់ហាងលក់អង្ករម្តុំរ៉ារថភ្លើង អះអាងថា តម្លៃអង្ករជួញដូរឡើងថ្លៃ១០០រៀលទៅ២០០រៀល ជាប្រភេទអង្ករសម្រូប បើអង្ករសំរិត មិនឡើងថ្លៃទេ។

មុនបោះឆ្នោតអង្ករឡើងថ្លៃបន្តិច ដោយសារមានការទិញប្រើប្រាស់ច្រើនតាមគ្រួសារនីមួយប៉ុន្តែក្រោយបោះឆ្នោត តម្លៃអង្ករលក់មុនបោះឆ្នោតឡើងថ្លៃប៉ុណ្ណា បច្ចុប្បន្ននៅតម្លៃ ថេរដដែល មិនឡើងថ្លៃបន្ថែមទៀតទេ។ ប៉ុន្តែបើរោងម៉ាសីនឡើងថ្លៃអង្ករ ទើបពួកគាត់ លក់រាយនឹងឡើងថ្លៃដែរ។

លោកស្រីម្ចាស់ហាងអង្ករ នីវ ម៉េងហេង ឲ្យដឹងថាបច្ចុបន្នអង្ករសម្រូបឡើងថ្លៃ១០០រៀល ទៅ២០០រៀល ដោយសារអ្នកទិញយកទៅទទួលទាន មានតែមនុស្សវ័យចាស់ និងជនបរទេស។ បើអង្ករសម្រិតមិនឡើងថ្លៃទេ ព្រោះរោងម៉ាស៊ីនមិនទាន់តម្លើងថ្លៃដែរ។

ចំណែកលោកស្រីវណ្ណា ឲ្យដឹងថាតម្លៃជួញដូរអង្ករ លក់ដូចមុនបោះឆ្នោតដែរ មិនទាន់ ឡើងថ្លៃទេ ទោះបីមានទឹកជំនន់នៅខេត្តបាត់តំបង ខេត្តបន្ទាយមានជ័យ តំបន់ដាំស្រូវ ច្រើនពាន់ហិកតា កំពុងលិចខូចស្រូវក្តី។ លោកស្រីអះអាងថាក្នុង១ថ្ងៃគាត់លក់អង្ករបាន ចន្លោះពី២តោនទៅ៥តោន ក្នុងតម្លៃចាស់គឺតាមប្រភេទពូជស្រូវ ដូចជាអង្ករផ្កាម្លិះលេខ១ តម្លៃ៤៥ដុល្លារក្នុង១បាវ៥០គីឡួក្រាម ក្រៅពីនោះតម្លៃ៤០ឬ៣៨ដុល្លារមិនឡើងថ្លៃទេ។

លោកស្រី ជីញជីញ ជនជាតិម៉ាឡេស៊ី ជាគ្រូបង្រៀននៅសាលាពេទ្យធ្មេញ ឲ្យដឹងថាគាត់ទិញអង្ករសម្រូបទៅទទួលទាន។ គាត់ថាអង្ករសម្រូបឡើងថ្លៃ១គីឡូ៣០០រៀល ថ្លៃខុសពីខែមុន។

ក្នុងឆ្នាំ២០១៨នេះទឹកទន្លេមេគង្គ បានឡើងដល់កំពស់ប្រកាសអាសន្ន បណ្តាលមកពី ការប្រែប្រួលអាកាសធាតុ មានព្យុះបន្តបន្ទាប់ ទឹកភ្លៀងធ្លាក់ខ្លាំងនិងការបាក់ទំនប់ វារីអគ្គិសនីនៅប្រទេសលាវ បានធ្វើឲ្យទឹកជនលិចខេត្តភាគឦសាន្តក្នុងប្រទេសកម្ពុជា នាំឲ្យខូចខាតដំណាំស្រូវនិងដំណាំចំការ។

ទឹកជន់លិចនេះ ទើបធ្វើឲ្យតម្លៃទំនិញបានប្រែប្រួល ធៀបនឹងតម្លៃលក់ដូរមុនការបោះឆ្នោតជាតិ ដូចជាអង្ករមិនឡើងថ្លៃ តែបែរជាដំណាំ
ចំការដូចជា ចេក ល្ហុង ពោត អំពៅ កំពុងចុះថ្លៃទីវិញ ដោយសារដើមរបស់វា រលួយដើម ព្រោះមិនអាចត្រាំទឹកជនលិចយូរថ្ងៃបានយូរទេ ទើប ម្ចាស់ចំការ ឆាប់ប្រមូលផល មកលក់ឡៃឡុង នៅទីផ្សារ ប៉ុន្តែតម្លៃត្រកួន ព្រលឹត ផ្កាកំប្លោក ផ្កាស្នោ ជាដើម បានឡើងថ្លៃ ព្រោះទឹកជ្រៅ មិនអាចបេះលក់បានងាយ៕