សម្តេច ស ខេង ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យប្រើប្រាស់ថវិការបបប្រចាំឆ្នាំឱ្យអស់ ក្នុងការអភិវឌ្ឍមូលដ្ឋាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2019 ក+ ក-

ភ្នំពេញ ៖ តាមការគ្រោងទុករាជរដ្ឋាភិបាលនឹងបង្កើនកញ្ចប់ថវិកាប្រចាំឆ្នាំទៅឱ្យថ្នាក់ឃុំនៅឆ្នាំ២០២០ សម្រាប់ធ្វើការ អភិវឌ្ឍមូលដ្ឋានឃុំ ដែលក្នុងមួយឃុំនឹងទទួលបាន ៧ម៉ឺនដុល្លារអាមេរិក ហើយបើឃុំធំអាចទទួលបាន ១០ម៉ឺន ដុល្លារអាមេរិក ហេតុដូច្នេះហើយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ក្នុងពិធី បិទមហាសន្និបាតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៩ តុលានេះបាន ប្រាប់ទៅអាជ្ញាធរមូលដ្ឋានឱ្យប្រើប្រាស់កញ្ចប់ថវិកានេះឱ្យអស់ និងដោយត្រឹមត្រូវ ដោយប្រើប្រាស់ថវិកានេះសំរាប់ តែធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សម្តេចក្រឡាហោមបានលើកឡើងថា ពាក់ព័ន្ធនឹងការបង្កើនធនធានសំរាប់ការអភិវឌ្ឍឃុំ សង្កាត់ កាលពី ពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សំរាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ដែលនេះជាការបញ្ជាក់ឱ្យឃើញថា រាជ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ដោយសម្តេចបានគូសបញ្ជាក់ថា ជាការពិតណាស់ដើម្បីអាច ធ្វើកិច្ចការនេះបានវាទាមទារឱ្យយើងមានទាំងធនធានមនុស្ស មានទាំងធនធានថវិកា។ ជាមួយគ្នានេះសម្តេចបាន ជម្រុញឱ្យឃុំ សង្កាត់ នីិមួយៗត្រូវគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាម គោលការណ៍ និងនីតិវិធីដែលបានកំណត់ ហើយថាបើក្រុមប្រឹក្សាឃុំ សង្កាត់មិនមានលទ្ធភាពឆ្លើយតបនៅក្នុងការ ប្រើប្រាស់ថវិកាដែលរដ្ឋទម្លាក់ឱ្យសម្រាប់ឃុំ សង្កាត់ ក្នុង១ឆ្នាំៗ ដែលមានទាំងថវិកាសម្រាប់ការអភិវឌ្ឍ និងថវិកា សម្រាប់រដ្ឋបាលប្រមាណជា ២០ម៉ឺនដុល្លារអាមេរិកនោះទេ យើងនឹងត្រូវជួបនូវបញ្ហា ហើយថែមទាំងត្រូវបាត់បង់ នូវការជឿទុកចិត្តមិនមែនត្រឹមតែពីរាជរដ្ឋាភិបាល និងពីក្រសួង ស្ថាប័នទេ ប៉ុន្តែត្រូវបាត់បង់នូវការជឿទុកចិត្តពី ប្រជាពលរដ្ឋថែមទៀតផង ដែលពីមុនយើងបន្ទោសថាអត់មានលុយ តែដល់ពេលមានលុយហើយហេតុអ្វីក៏យើង ធ្វើមិនកើត។ ដូច្នេះហើយ អាជ្ញាធរឃុំ សង្កាត់ត្រូវតែខិតខំប្រឹងប្រែងធ្វើដោយត្រូវប្រើប្រាស់ថវិកាប្រចាំឆ្នាំឱ្យអស់ ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ដោយមិនត្រូវចាយទាំងប្រថុយប្រថាននោះទេ។

បន្ថែមពីលើនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា អាជ្ញាធរឃុំ សង្កាត់មិន ត្រូវរំពឹងតែទៅលើកញ្ចប់ថវិការបស់រដ្ឋទេ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតែចេះរកចំណូលដែលស្របទៅនឹងផ្លូវច្បាប់ ដែលចំណូលរដ្ឋបាលថ្នាក់ក្រោមជាតិមានមកពីបីប្រភពគឺ៖១.កញ្ចប់ថវិការដ្ឋ,២.ថវិកាដែលរកដោយខ្លួនឯងស្របតាមច្បាប់អនុញ្ញាតិ និងទី៣.គឺជំនួយពីសប្បុរសជន ដែលថវិកាបានមកពីទាំងបីប្រភពនេះ គឺត្រូវយកទៅប្រើប្រាស់ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ៕